ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បាន​មាន​ប្រសាសន៍​ថា ស.ស.យ.ក ​បាន​ត្រៀមខ្លួនជាស្រេច ដើម្បី​រួម​ចំណែក​ជា​មួយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​កា​រប្រកួត​កីឡា​ស៊ី​ហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែល​ជា​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​លើក​ដំបូង​នៅ​កម្ពុជានេះ។ ការលើកឡើង​ដូច​នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី​ការ​ជ្រើស​រើស​អ្នកស្ម័គ្រ​ចិត្ត​សម្រាប់​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី បាន​លើកឡើង​ថា៖ «ស.ស.យ.ក មិនមែនជាផ្នែកមួយ នៃគណៈកម្មាធិការជាតិ CAMSOC នោះទេ តែដោយមានការឯកភាពពីសម្ដេចពិជ័យសេនា ទៀ បាញ់ ស.ស.យ.ក គឺ​ជា​ដៃ​គូ​សហការជាមួយគណៈ​កម្មការជំនាញចំនួន ៣ ក្នុងចំណោមគណៈកម្មការទាំង ១៣របស់ CAMSOC​»។ ទី១- គណៈកម្មការផ្សព្វផ្សាយ ដែលចូលរួមមួយផ្នែកតូច គឺផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ តាមប្រព័ន្ធផ្សព្វផ្សាយនានារបស់ខ្លួន ជាក់ស្ដែងដូចជាយុទ្ធនាការ Beyond The Games ជាដើម។ ទី២- គណៈកម្មការវប្បធម៌ បរិស្ថាន អប់រំ និងកីឡា និងទី៣-គណៈកម្មការអ្នកស្ម័គ្រចិត្ត។ 

ឯកឧត្តម ហ៊ុន ម៉ានី បន្ដថា៖«យុវជនស្ម័គ្រចិត្ត មិនត្រឹមតែអ្នកសម្របសម្រួល ធ្វើឲ្យការអនុវត្ត និងការប្រព្រឹត្តទៅនៃកម្មវិធីជោគជ័យទេ ប៉ុន្ដែកត្ដាធំជាងហ្នឹងទៀត សំខាន់​គឺ​គាត់​ជាយុវជន​សុច្ឆន្ទៈ​របស់កម្ពុជា។ អាកប្បកិរិយារបស់គាត់ ការបំពេញភារកិច្ចរបស់គាត់ និងអ្វីដែលជាភាពរួសរាយ ឥរិយា​បថ​របស់គាត់ គឺឆ្លុះបញ្ចាំងអ្វីទៅជាកម្ពុជា ដែលជាប្រទេស និងមានប្រជាជន ក្នុង​ការ​ផ្ដល់​នូវ​ភាព​កក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អជូនដល់បរទេស ដែលជាមិត្តភក្តិមកចូលរួមនៅកម្ពុជា»។

សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា​ត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦,៩៦៣នាក់ ដែលត្រូវបានបែងចែកជា៣កម្រិតគឺ១. អ្នកស្ម័គ្រចិត្តជា ថ្នាក់​ដឹកនាំ, ២. អ្នកស្ម័គ្រចិត្តជាជនបង្គោល និង៣. អ្នកស្ម័គ្រចិត្តទូទៅ ព្រម​ទាំង​៥០​កន្លែង​សម្រាប់​ជនជាតិបរទេស។ លើសពីនេះក៏ត្រូវការអ្នកស្ម័គ្រចិត្ត នៅខេត្តសៀមរាប ចំនួន ១០០នាក់ ខេត្ត​ព្រះសីហនុ ១០០នាក់ ខេត្តកែប ៥០នាក់ និងខេត្តកំពត ៥០នាក់៕

Share.