បន្ទាប់​ពី​កិច្ចប្រជុំ​ពិសេស​នៅ​ប្រទេស​បារ៉ែនកាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ រួច​មក​សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ី (AFC) បានបញ្ជាក់ថា​ ប្រទេស​អារ៉ាប៊ីសាអូឌីត នឹង​ទទួល​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួតពានរង្វាន់ AFC Asian Cup 2027 ខាងមុខ។

លោក Yasser bin Hassan Al-Mishal ប្រធានសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត​បាន និយាយថា៖ «យើងមានកំណត់ត្រាល្អដែលជាការបង្ហាញផ្លូវ​សម្រាប់​ជ័យជម្នះខាងមុខនេះ យើង​សង្ឃឹម​ថា​នឹងបង្ហាញ​ពី​ភាពអស្ចារ្យ​របស់អារ៉ាប៊ីសាអូឌីត​ក្នុងការធ្វើជាម្ចាស់ផ្ទះ។ លោកបន្ថែម​ថា ដោយ​មើល​ឃើញ​ពីការគាំទ្រពីការដឹកនាំ​ដ៏ឈ្លាសវៃរបស់យើង ដូច្នេះ​យើង​អាច​បន្ត​ដំណើរនៃការធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍អន្តរជាតិជាច្រើនក្នុងវិស័យផ្សេងៗ»។

ប្រធាន AFC លោក Sheikh Salman bin Ebrahim Al Khalifa ក៏បានលើកឡើងថា៖ «នេះ​ជា​លើក​ដំបូង​ដែល​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេសអារ៉ាប៊ីសាអូឌីត ហើយ​យើងទន្ទឹងរង់​ចាំ​ធ្វើការ​យ៉ាងជិត​ស្និទ្ធ​ជាមួយ​សហព័ន្ធ​កីឡា​បាល់​ទាត់អារ៉ាប៊ីសាអូឌីត (SAFF) និងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតក្នុង ពាន រង្វាន់ AFC Asian Cup ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រ និងកីឡាកររបស់ យើង​នៅ​ឆ្នាំ២០២៧»។

គួរបញ្ជាក់​ផង​ដែរ​ថា វាគឺជា​លើក​ទី​មួយ​ហើយដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពាន់​រង្វាន់​AFC Asian Cup នេះ។ ដែល​ក្រុម​ជម្រើស​ជាតិ​របស់ប្រទេស​អារ៉ាប៊ី សា អូឌីត ធ្លាប់បាន​លើក​ពាន​បី​លើក​គឺនៅក្នុង​ឆ្នាំ ១៩៨៤, ១៩៨៨ និងឆ្នាំ១៩៩៦៕

Share.