មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចំនួន ៨រូប បាន​ប្រឡង​ជាប់​អា​ជ្ញាក​ណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ នៃសមាគមកីឡាប្រដាល់សកលអន្ដរជាតិ(IBA) ដើម្បីត្រៀមចូលរួមកាត់សេចក្ដី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភាខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា កាល​ពី​ចុង​ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សហព័ន្ធ បានសហការជាមួយ IBA រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញា​កណ្ដាល​-​ចៅក្រមអន្ដរជាតិផ្កាយ១ (IBA 1-Star R&J Certification Course 2022) ដែល​បង្រៀន​ដោយ​គ្រូឧទ្ទេសអន្ដរជាតិលោក Waith John Henry។ វគ្គនេះ មានសិក្ខាកាមចូលរួមសរុប១៧នាក់ ហើយជាលទ្ធផលមានសិក្ខាកាម ៨នាក់ បានប្រឡប់ជាប់ និងទទួលស្គាល់ដោយ IBA ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា៖ «សម្រាប់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ៨រូបនេះ នឹងមាន ២រូបចូលរួមកាត់សេចក្តី សម្រាប់ប្រភេទកីឡាប្រដាល់សកល ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០៣២។ រីឯមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ៦រូបទៀត ក៏នឹងចូលរួមជាមន្ត្រីបច្ចេកទេស សម្រាប់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផងដែរ»។

គួរបញ្ជាក់ថា មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមកម្ពុជា ដែលបានប្រឡងជាប់អាជ្ញាកណ្ដាល-ចៅ​ក្រម​អន្ដរ​ជាតិ​ផ្កាយ១ និងទទួលស្គាល់ដោយស្ថាប័ន IBA ទាំង៨រូបនេះ រួមមានលោក សួស លីនណា លោក ម៉ាក់ សាមឿន លោក ផល សុផាត លោក ណុប វ៉ាន់ថេត លោក ម៉ី រតនៈ លោក ជួន សំណាង លោក នួន វុទ្ធី និងកញ្ញា ឥន្ទ វិចិត្រ ដែលត្រូវបានប្រគល់ និង​ទទួល​វិញ្ញាបនប​ត្រប​ញ្ជាក់​ការ​សិក្សា​របស់ខ្លួន នៅរសៀលថ្ងៃទី២ ខែកុម្ភៈនេះ៕

សម្រួលពី៖ Cambodia 2023

Share.