តើលោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ អាចបង្ហាញខ្លួនជាកីឡាករសម្រាប់​ប្រកួត​ពាន​រង្វាន់ League Cup រដូវកាល​ឆ្នាំ២០២៣ នេះឬទេ?

សម្រាប់​រដូវ​កាល​ថ្មី​នេះ​លោក​នៅ​តែ​បន្ត​ចូល​រួម​​លេងក្នុង​នាម​​ជា​ខ្សែ​ប្រយុទ្ធ ពាក់អាវលេខ៩ នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជីកីឡាករ ដែល​ត្រៀម​ប្រកួត​ពាន​ League Cup ទៀត​ផង។ លើកពីនេះលោកក៏​ជា​កីឡា​ករ​ដែល​មាន​អាយុច្រើនជាង​គេ​ផង​ដែរ​សម្រាប់​ព្រឹត្តិកាណ៍​ប្រកួត​ពាន League Cup រដូវកាល​នេះ។

លោក កាំង សេន ធ្លាប់​បាន​ជាប់​ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត នៃ​ពាន​រង្វាន់​សម្ដេច​អគ្គម​ហា​សេនាប​តីតេជោ ហ៊ុន សែន​លើក​ទី១៦ វគ្គជម្រុះថ្នាក់ជាតិ កាល​ពី​ឆ្នាំ២០២២។ ដោយកន្លង​មក​ប្រ​ធាន​ក្លិប ISI រូប​នេះ​តែង​តែ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​កន្លង​នានា។

លោក កាំង សេន បាន​ប្រាប់​សាព័ត៌មាន ត្រយង ក្នុងកម្មវិធី «Celebrating Football & Street Art» នៅកីឡដ្ឋាន AIA Stadium, KMH PARK កាលពីថ្ងៃទី៤ ខែកុម្ភ: ថា៖ «នៅរដូវកាលមុន​ខ្ញុំខំហ្វឹកហាត់មែនទែន ដើម្បី​មាន​ឱកាសចូល​លេង​នៅលើកទីលាន AIA នៅការប្រកួត​បើក​ឆាក តែដោយ​សារខ្ញុំមាន​របួស​ក៏​ត្រូវ​សម្រាកព្យាបាលសិន។ ក្រោយ​ពេល​សម្រាកព្យាបាលអស់រយ:ពេល៣ខែរួច​មក​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ចូល​លេង​បាន​នៅចុង​រដូវកាល League Cup នេះឬ CPL ឆ្នាំក្រោយ»។

គួរដឹងថាក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ គឺជាអតីតជើងខ្លាំងមួយ នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពាក់កណ្តាលអាជីព ជាពិសេសគឺជាម្ចាស់ជើងឯកពានរង្វាន់ពាក់កណ្តាលអាជីព KMH Champion League កាលពីរដូវកាល ២០១៩ ហើយក៏បន្តអភិវឌ្ឍមកជាក្លិបបាល់ទាត់អាជីព។ ខណ:ចូលរួមប្រកួតប្រជែងជើងឯកលីគ ទី២ ជា​លើក​ដំបូង​កាលពីរដូវកាល២០២០ រហូត​មកដល់បច្ចុប្បន្ននេះ៕

Share.