ក្រុម​បាល់ទាត់​អ៊ុយរុយហ្គាយ និង​ប៉ារ៉ាហ្គាយ បាន​បន្ត​ជ័យជម្នះ​ក្នុង​វគ្គ​ជម្រុះ​ពូល A នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង 2021 Copa América នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល ជា​ម្ចាស់​ផ្ទះ។

លទ្ធផល​​ប្រកួត​ពូល A មាន៖
-បូលីវី ០-២ អ៊ុយរុយហ្គាយ
-ស៊ីលី ០-២ ប៉ារ៉ាហ្គាយ

សម្រាប់​ប្រកួត​​បន្ត​​នឹង​បិទ​បញ្ចប់​ពូល B នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ៖

  • ប្រេស៊ីល ប៉ះ អេក្វាឌ័រ ម៉ោង​៤ព្រឹក
  • វេណេហ្ស៊ុយអេឡា ប៉ះ ប៉េរូ ម៉ោង​៤ព្រឹក

គិត​ត្រឹម​ពេល​នេះ​អ្នក​ទាត់​បាល់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេ​ គឺ​រក​បាន​ម្នាក់២គ្រាប់​មាន Neymar របស់​ប្រេស៊ីល Eduardo Vargas របស់​ឈីលី Ayrton Preciadoរបស់​អេក្វាឌ័រ និង​ Ángel Romero របស់​ប៉ារ៉ាហ្គាយ។

បើ​តាម​ការ​កំណត់​របស់​គណៈកម្មការ​ប្រកួត​ក្រុម​​លេខ១​ដល់​លេខ​៤​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈ​ព្រឹត្តិការណ៍​នេះ​​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។

​ពូល A អាហ្សង់ទីន,​បូលីវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។ ដូច្នេះ​ក្រុម​​ដែល​ហាល​អាវ​មុន​គេ គឺបូលីវី នៅ​ក្នុង​ពូល A ​ព្រោះនៅ​សល់​ម្នាក់១​ប្រកួត​ប៉ុណ្ណោះ។ ចំណែក​ពូល B នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ តែ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល កក់កៅអី​ឡើង​ជុំ​បន្ត​មុន​គេ។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូលីវី ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.