យោងតាមព័ត៌មានក្នុងប្រទេសតួរគី បានផ្សាយថា ខ្សែបម្រើប្រយុទ្ធ Christian Atsu របស់ក្លិប Hatayspor បានជាប់នៅក្នុងគំនរបាក់បែកក្នុងអាគារមួយកន្លែង ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅប៉ុន្មានម៉ោងក្រោយ និងបានបញ្ជូនទៅមន្ទីរពេទ្យហើយ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំមួយនៅក្នុងប្រទេសតួរគី និងឆ្លងចូលមួយផ្នែកនៃប្រទេសស៊ីរីទៀតផង។

ក្រៅពីកីឡាករ Christian Atsu ដែលត្រូវបានរកឃើញ លោក Taner Savut ប្រធានបច្ចេកទេសក្លិបក៏ជាប់នៅក្នុងគំនរបាក់បែក និងមិនទាន់បានជួយសង្គ្រោះនៅឡើយទេ ខណៈសមាជិកមួយចំនួន និងបុគ្គលិករបស់ក្លិបក៏បានជាប់ក្នុងគំនរបាក់បែកដូចគ្នា ប៉ុន្តែពួកគេត្រូវបានជួយសង្គ្រោះទាន់ពេលវេលាអស់ហើយ ដោយឡែកអ្នកចាំទីនៅលីគកំពូលទួរគីម្នាក់ឈ្មោះ Turkasian ត្រូវបានបាត់បង់ជីវិតនៅវ័យ ២៨ឆ្នាំដោយសារហេតុការណ៍នេះដែរ។

គួរឲ្យដឹងថា Christian Atsu បច្ចុប្បន្នវ័យ៣១ឆ្នាំ ជាកីឡាករជម្រើសជាតិហ្គាណា ធ្លាប់ប្រកបអាជីពនៅក្លិប Chelsea, Newcastle United, Everton នៅលីគអង់គ្លេល ហើយបច្ចុប្បន្ន Christian Atsu កំពុងប្រកបអាជីបនៅក្លិប Hatayspor សមាជិកលីគកំពូលប្រទេសតួកគី ដែលទើបបង្ហាញខ្លួនបាន ៣ប្រកួត រកបាន ១គ្រាប់ក្នុងនាមជាខ្សែបម្រើស្លាប។

ការរញ្ជួយដីនេះ បានបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញស្ទើតែទាំងស្រុង ដោយសារតែថាមពលរបស់វា ហើយនេះគឺជាការរញ្ជួយដីដ៏ខ្លាំងក្លាបំផុត ដែលបានវាយប្រហារប្រទេសតួកគី ចាប់តាំងពីឆ្នាំ១៩៣៩ មក ហើយបានវាយបានប្រហារនៅចំតំបន់ដែលមានប្រជាជនរស់នៅច្រើន។

សូមជម្រាបបន្ថែមថា​ ប្រទេសតួកគី ស្ថិតនៅក្នុងតំបន់រញ្ជួយដីសកម្មបំផុតមួយរបស់ពិភពលោក។ គ្រោះរញ្ជួយដីនៅតាមបណ្តោយស្នាមប្រេះនៃស្រទាប់ផែនដី North Anatolian ក្នុងតំបន់ Duzce ភាគខាងជើងប្រទេសតួកគីកាលពីឆ្នាំ១៩៩៩ បានសម្លាប់មនុស្សជាង១៧០០០នាក់៕

Share.