សារព័ត៌មាន Helsinkitimes របស់​ប្រទេស​ហ្វាំងឡង់ បាន​បញ្ជាក់​ថា​មាន​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ប្រមាណ​ជិត​១០០នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​ត្រឡប់​មក​ពី​ទស្សនា​ការ​ប្រកួត​ផ្ទាល់​របស់​ក្រុម​ហ្វាំងឡង់ ជាមួយ​បែលហ្សិក ក្នុង​កីឡដ្ឋាន ​Krestovsky Stadium នៅ​ទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី ដែល​ជា​ទឹកដី​កណ្ដាល។

ប្រកួត​បិទ​ពូល B កាល​ពី​ថ្ងៃ​ច័ន្ទ សប្ដាហ៍​នេះ​ក្រុម​ហ្វាំងឡង់ បាន​ចាញ់​បែលហ្សិក ដោយ​លទ្ធផល​២ទល់០ ហើយ​បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​​ហ្វាំងឡង់ ហាល​អាវ។ ៣ប្រកួត​របស់​ហ្វាំងឡង់ បាន​ឈ្នះ​ដាណឺម៉ាក ១ទល់០ តែ​ចាញ់​រុស្ស៊ី ១ទល់០ និង​បន្ត​ចាញ់​បែលហ្សិក ២ទល់០។

ហ្វាំងឡង់ បាន​ធ្វើ​តេស្ត​ពលរដ្ឋ​ខ្លួន​នៅ​ព្រំដែន​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​រុស្ស៊ី ហើយ​រក​ឃើញ​៨៦​ករណី។ ប៉ុន្តែ​គេ​កំណត់​មុខ​សញ្ញា​អ្នក​គាំទ្រ​ប្រមាណ​ជា​៣០០០នាក់​បាន​ឆ្លង​ដែន​ទៅ​គាំទ្រ​ជម្រើស​ជាតិ​ខ្លួន​នៅ​រុស្ស៊ី ហើយ​​មាន​អ្នក​គាំទ្រ​ប្រមាណ​៨០០នាក់​ត្រឡប់​ចូល​​ប្រទេស​ខ្លួន​វិញ ដោយ​មិន​ទាន់​បាន​ធ្វើ​តេស្ត​នៅ​ឡើយ។

អត្ថបទពាក់ព័ន្ធ៖EURO៖​រក​ឃើញ​​គូ​​​ប៉ះ​គ្នា​នៅ​​វគ្គ​១៦ក្រុម​ចុងក្រោយ ហើយ​Ronaldo ឈរ​ក្នុង​បញ្ជី Top Scorers

លោកស្រី​ Sanna Marin នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ១​ជា​ប្រទេស​​រស់​នៅ​មាន​សេចក្តី​សុខ​ជាង​គេ​លើ​លោក មួយ​នេះ​បាន​អំពាវនាវ​​ពលរដ្ឋ​ខ្លួន​ដែល​ទើប​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​រុស្ស៊ី អោយ​យក​សំណាក់​ពិនិត្យ​រក​ជំងឺ​កូវីដ-១៩ ឱ្យ​បាន​គ្រប់ៗគ្នា ក្រោយ​មាន​ការ​រក​ឃើញ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក។

«គ្រប់​គ្នា​ត្រូវ​តែ​យក​សំណាក តេស្ត​រក​ជំងឺកូវីដ-១៩ ទាំង​អស់​គ្នា។ បើសិន​ជា​បាន​រក​ឃើញ​ទាន់​ពេល​វេលា​​នោះ​ការ​រីក​ឆ្លង​នឹង​មិន​ផ្ទុះ​ឡើង​ខ្លាំង​​នោះ​ទេ»។ នាយករដ្ឋមន្ត្រី​ជា​ស្រ្ដី​វ័យ​៣៦​ឆ្នាំ​បន្ថែម៕

Telegram-Troryorng
Share.