ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​រៀប​ចំ​ដាក់​លក់​ផលិត​ផល​ខ្មែរ​អបអរ​ថ្ងៃ​១៤​កុម្ភៈ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​។ ក្នុង​ឱកាស​នេះ ​ផលិត​ផល​ខ្មែរ​ជា​ច្រើន​មុខ​កំពុង​ដាក់​តាំង​លក់​ពិសេស​បន្លែ​សុវត្ថិភាព​ អង្ករ​បាយ​ឆ្ងាញ់​ និង​ស្រា​ផ្លែ​ឈើ​រស​ជាតិ​ស្រទន់​ ដែល​បាន​វេច​ខ្ចប់​យ៉ាង​ស្អាត​សម្រាប់​ជា​កាដូ​ថ្ងៃ​ដ៏​ពិសេស​នេះ​ ដោយ​មាន​ស្តង់​ជា​ច្រើន​ ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និង​មាស​បៃតង​ជា​ដើម​។

លោកបណ្ឌិត​ ចាយ​ ជីម​ តំណាង​ឱ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ បាន​លើក​ឡើង​ថា​ ការ​រៀប​ចំ​នូវ​ពិព័រណ៍​ផលិត​ផល​កសិកម្ម​នៅ​មុខ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ គឺ​ជា​ការ​ប្រសើរ​បំផុត​ ក្នុង​ការ​នាំ​ស្នាដៃ​របស់​សិស្ស​និស្សិត​ យក​មក​តាំង​បង្ហាញ​ជូន​មហាជន​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​វិថី​នរោត្តម​នេះ​។ ក្នុង​នោះ​មាន​ផលិត​ដូចជា​ រុក្ខជាតិ​តាំង​លម្អ​ បន្លែ​ គ្រឿង​សម្ល​ស្ងួត​ ស្រា​ព្រីង​ និង​ផលិតផល​កែច្នៃ​ជា​ច្រើន​មុខ​ទៀត​ផង​ដែរ​។ លោក​បន្ថែម​ថា ​នេះ​គឺ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​ក្រសួង​បាន​រៀប​ចំ​នូវ​ព្រឹត្តិការណ៍​នេះ​ឡើង​ លោក​ចង់​ឱ្យ​មាន​ជា​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​ៗ​។​ លោក​បណ្ឌិត​ បញ្ជាក់​ថា​សិស្ស​និស្សិត​ដែល​ស្រឡាញ់​ និង​បាន​សិក្សា​ខាង​វិស័យ​កសិកម្ម​ គឺ​មិន​ព្រួយ​ខ្លាច​ខ្វះ​ការងារ​ល្អ​នេះ​ទេ​ លោក​ថា​ មាន​និស្សិត​ជា​ច្រើន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ បាន​ទទួល​ការងារ​បម្រើ​ការ​នៅ​ក្រុម​ហ៊ុន​ផលិត​ចំណី​អាហារ​។​ លោក​អំពាវ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​ កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។​

អ្នកនាង​ សឹង​ សារុំ​ តំណាង​ឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ (កាឌី)​ លើក​ឡើង​ថា​ ក្ដី​ស្រឡាញ់​គឺជា​ការ​គិត​គូ​ពី​សុខភាព​ ហើយ​ស្តង់​របស់​អ្នក​នាង​ ក៏​បាន​តាំង​លក់​អង្ករ​ធម្មជាតិ​ដែល​គ្មាន​ជាតិ​គីមី​។ អ្នកនាង​ថា ​ថ្ងៃនេះ​ជា​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ ​យើង​គួរ​លក់​ផលិតផល​សុវត្ថិភាព​មក​ដាក់​តាំង​ជូន​បងប្អូន​អ្នក​ទទួលទាន​ដើម្បី​សុខភាព​ល្អ​ គឺ​យើង​ធ្វើការ​ផ្សារ​ភ្ជាប់​ក្តី​ស្រលាញ់​ និង​សុខភាព​ ស្រលាញ់​គ្រួសារ​ ពិសា​អាហារ​សុវត្ថិភាព​។ ​

កញ្ញា​ ហេង​ ផល្គន​ បាន​ប្រាប់​ត្រយង​ថា​ ទិវា​នៃ​ក្ដី​ស្រឡាញ់​ មិនមែន​ត្រឹម​តែ​បាច់​ផ្កា​កុលាប​ទើប​អាច​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​បាន​ទេ​។​ កញ្ញា​ និង​ក្រុម​ការងារ​បាន​ច្នៃ​បន្លែ​ស្រស់​ដែល​ជា​ផលិត​ផល​កសិករ​ខ្មែរ​ មក​ច្នៃ​ជា​បាច់​ផ្កា​រួច​តាំង​លក់​នៅក្នុង​ពិព័រណ៍​នេះ។​ គំនិត​ច្នៃ​ប្រឌិត​នេះ ​កញ្ញា​មាន​គោល​បំណង​ចង់​ឱ្យ​មាន​ការ​គាំទ្រ​ចំពោះ​ផលិតផល​កសិកម្ម​ខ្មែរ​ ស្រប​តាម​អ្វី​ដែល​ក្រសួង​កំពុង​បំផុស​គំនិត​។

សូម​ជម្រាប​ថា​ ផលិត​ផល​ដែល​តាំង​លក់​គឺ​ផលិតផល​ស្រស់​មាន​ជា​ច្រើន​​មុខ​ ហើយ​របស់​កែច្នៃ​មាន​ប្រមាណ​ជិត​ ២០​មុខ​ ដែល​ជា​ផលិតផល​សុវត្ថិភាព​ ល្អ​សម្រាប់​សុខភាព​ ដោយ​មិន​មាន​សារធាតុ​គីមី​ឡើយ​។ សម្រាប់​អតិថិជន​វិញ​ បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​ដែល​ក្រសួង​ផ្តើម​រៀប​ចំ​ឱ្យ​មាន​ការ​តាំង​លក់​បន្លែ​សុវត្ថិភាព​នៅ​ទីនេះ​៖ «ខ្ញុំ​មក​ទិញ​បន្លែ​ គឺ​ដោយ​សារ​ខ្ញុំ​ស្រលាញ់​បន្លែ​ និង​ស្រលាញ់​អ្នក​ដែល​ខ្ញុំ​ទិញ​បន្លែ​ទៅ​ឱ្យ​»​៕​

Share.