ផ្អែកតាមសៀវភៅបេះដូង អ្នកដឹកនាំ បានសរសេរថា មនុស្សជាច្រើនបានអសកម្មការងារ នៅកន្លែងធ្វើការ ប៉ុន្ដែពុំដែលឃើញមនុស្សណាម្នាក់មិនស្ទុះស្ទារ នៅពេលម៉ោងសំរាកពីការងារនោះទេ។  នៅពេលម៉ោងប្រាំមកដល់ ពួកគេប្រញាប់ប្រញាល់ចេញពីការិយាល័យ ដើម្បីទៅលេងកីឡាផ្សេងៗ ដូចជា កីឡាបាល់ទាត់ កូនគោល ឬក៏តេន្នីស ជាដើម ។ យ៉ាងណាមិញ ក៏មិនមែនមានន័យថា មិនមានបុគ្គលិកដែលល្អ និងប្រឹងប្រែងការងារនោះដែរ។ ដូច្នេះ អង្គភាពមួយត្រូវតែបង្កើតការជំរុញវាយតម្លៃ អំពីលទ្ធផលការងារ ការតាមដាន ដើម្បីឲ្យដឹងថា ការងាររបស់បុគ្គលិកល្អកម្រិតណា។  

ការត្រួតពិនិត្យ និងការវាយតម្លៃការងារ ហើយការសង្កេតលើលទ្ធផល គឺជារឿងសំខាន់ ដោយចៀសវាងការឃើញនឹងភ្នែក ហើយធ្វើការវាយតម្លៃភ្លាមៗ ទៅលើបុគ្គលិក ដែលមិនមានមូលដ្ឋានព័ត៌មានច្បាស់លាស់ ញាំងឲ្យខូចការ ក្លាយទៅជាកម្សោយ នៃការគ្រប់គ្រងទៅវិញ។ 

អ្នកគ្រប់គ្រងដែលល្អ ត្រូវមានរង្វាស់នៃការវាយតម្លៃឲ្យបានត្រឹមត្រូវ ពោលឈរលើមូលដ្ឋាន នៃវិជ្ជាជីវៈការងារ តាមរយៈការដាក់ចេញ នូវផែនការឲ្យបុគ្គលិកធ្វើ ហើយធៀបនឹងលទ្ធផល ដែលសម្រេចបាន ទើបអ្នកគ្រប់គ្រងធ្វើការវាយតម្លៃថា ល្អ ឬមិនល្អ។ ការវាយតម្លៃបែបនេះ គឺនឹងធ្វើឲ្យបុគ្គលិក មិនហ៊ានប្រកែក និងទទួលយកនូវការវាយតម្លៃមួយ ដោយយុត្តិធម៌ ពោលធ្វើឲ្យប្រសិទ្ធិភាពការងារ ទទួលបានលទ្ធផលល្អ ដោយពួកគេដឹងអំពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ខ្លួនឯង។ 

ការផ្តល់ប្រតិកម្មវាយតម្លៃលទ្ឋផលការងារដ៏ត្រឹមត្រូវ គឺជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពបំផុត ដើម្បីលើកកម្ពស់ការងារ និងបណ្តុះការពេញចិត្ត ។ វាអាចធ្វើបានភ្លាម១ វាមិនចំណាយអ្វីទេ ហើយវាអាចធ្វើឱ្យមនុស្សក្រោម បង្គាប់សំរេចការងារបានយ៉ាងឆាប់រហ័ស ។ ដូច្នេះនៅក្នុងនាមអ្នកដឹកនាំ យើងត្រូវតែមានប្រតិកម្មត្រឹមត្រូវចំពោះការងាររបស់បុគ្គលិក ឬអ្នកក្រោមបង្គាប់យើង ដោយពិចារណាយ៉ាងហ្មត់ចត់ មុនពេលធ្វើការសរសើរ ឬក៏រិះគន់៕ 

Share.