ស្ទឹងត្រែង ៖ មនុស្ស៤នាក់ មានក្មេងប្រុស២នាក់ បានលិចបាត់ខ្លួន ចំណែក៤នាក់ទៀតជួយសង្គ្រោះបាន បន្ទាប់ ពីនាំគ្នាជាក្រុមគ្រួសារ ជិះទូកឆ្លងកាត់ទន្លេមេគង្គ តែកាត់ចំកន្លែងទឹកគួច បណ្តាលឲ្យលិចលង់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅដងទន្លេមេគង្គ ចំណុចកន្ទុយកោះហាន ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មនុស្សដែលបាត់ខ្លួនទាំង៤នាក់ ទី១ ឈ្មោះ សុត មី ភេទប្រុសអាយុ៥៦ឆ្នាំ ។ ទី២ ឈ្មោះ ម៉ី សុគ្រី ភេទស្រីអាយុ២៥ឆ្នាំ ។ ទី៣ ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ ។ ទី៤ ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ ។ ជនរងគ្រោះទាំង៨នាក់ ជាក្រុមគ្រួសារ មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះទាំង៨នាក់ នាំគ្នាធ្វើដំណើរតាមទូកម៉ាសុីនផ្ទាល់ខ្លួនមួយគ្រឿង មានទាំងអីវ៉ាន់ផង គោលបំណងឆ្ពោះទៅ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីប្រកបមុខរបរ ជាកម្មករឡឥដ្ឋ ខណៈដែលធ្វើដំណើរដល់កន្ទុយកោះហាន ប៉ះចំខ្សែទឹកកំពុងហូរ គួចខ្លាំង បណ្តាលឲ្យគួចទូកលង់លិច ។ ភ្លាមៗត្រូវបានអ្នកនេសាទឃើញ ជួយស្រង់ បាន៤នាក់ ចំណែក៤នាក់ទៀត ក្នុងនោះមានក្មេងប្រុស២នាក់ ត្រូវបានលង់លិចបាត់ខ្លួន រីឯទូកវិញដាច់របូតធ្លាក់ម៉ាសុីនបាត់ ។

ហេតុការណ៍ខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច ចេញទៅអន្តរាគមន៍ តាមស្វែងរក មនុស្សបាត់ខ្លួនទាំង៤នាក់ រហូតដល់រសៀលថ្ងៃដដែលនេះ នៅមិនទាន់រកឃើញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.