កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិប Selangor នៅលីគកំពូលម៉ាឡេស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ផ្លូវការ​របស់​ខ្លួនពីដំណើរទស្សនកិច្ចរបស់អ្នកចាត់ការក្រុមជម្រើសជាតិ កម្ពុជាលោក Keisuke Honda ដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្លិប និង​ការ​រៀប​ចំទូ​ទៅ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​របស់​ក្លិប​មួយនេះ។

ដំណើរទស្សនកិច្ចទៅកាន់​ប្រទេស​នៅ​តំបន់​អាស៊ាន មាន​ដូច​ជា វៀតណាម ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី នេះអាចជាសញ្ញាណមួយអំពីដំណើរត្រៀមចេញទៅបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស ខណៈកាល​ពីពេល​ថ្មី​ៗ​នេះ​ ក៏​មាន​ដំណឹង​ពី​ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ នឹង​ធ្វើ​ដំណើរ​ទៅ​បោះ​ជំរុំ​ហ្វឹក​ហាត់​នៅប្រទេសថៃនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីត្រៀមស៊ីហ្គេម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើងនៅរង់ចាំមើលការប្រកាសផ្លូវការនៅលើទំព័រនៃ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។

គួរ​រំលឹកថា ក្រោមការដឹកនាំ​របស់លោក Keisuke Honda ​កម្ពុជា​ នឹង​មិន​អនុញ្ញាត​ឲ្យមាន​ការ​ចុះ​ឈ្មោះ​កីឡាករ​លើស​អាយុ​ឡើយសម្រាប់វិញ្ញាសារបាល់ទាត់បុរស ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ២០២៣ នៅ​ខែ​ឧសភា​ខាង​មុខនេះ។ នេះជាលើកទី២ ដែល​កម្ពុជា​មិន​ប្រើ​ប្រាស់​កីឡាករ​លើស​អាយុ​សម្រាប់​វិញ្ញាសារបាល់ទាត់ផ្នែកបុរស បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២២ នៅ​ប្រទេស​វៀត​ណាម។

គួរបញ្ជាក់ថា ការប្រកួតស៊ីហ្គេមនេះគឺជាបេសកម្មចុងក្រោយរបស់លោក Keisuke Honda ក្រោយ សបក ប្រកាសជាផ្លូវការពីចាកចេញរបស់លោកក្រោយបញ្ចប់។ ព្រឹត្តិការណ៍ ប្រកួត កីឡា អាស៊ីអា គ្នេយ៍ លើកទី៣២ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.