ដំណើរឆ្ពោះទៅកាន់ការរៀបចំកម្មវិធី «សង្ក្រាន្តបន្ទាយឆ្មារ ឆ្នាំ២០២៣» ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនោះ នៅថ្ងៃនេះបានឈានដល់កិច្ចក្រុងពាលីតាមប្រពៃណីសាសនា និងទំនៀមទម្លាប់ខ្មែរហើយ។ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការប្រតិបត្តិកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ បានប្រារព្ធពិធីក្រុងពាលី ក្រោមអធិតបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវឧកញ៉ាបណ្ឌិត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

នៅមួយថ្ងៃមុនប្រារព្ធពិធីក្រុងពាលីចូលឆ្នាំបន្ទាយឆ្មារនេះ ពោលគឺនាថ្ងៃទី១៦ ខែកុមុ្ភៈម្សិលមិញនេះ ឯកឧត្តម ស​ សុខា រដ្ឋលេខាធិការក្រសួអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងឯកឧត្តម​ កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រតិបត្តិកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ និងលោកជំទាវ បានដឹកនាំក្រុមការងារដែលជាថ្នាក់ដឹកនាំ និងសមាជិកអនុគណៈកម្មការនីមួយៗ ចុះពិនិត្យទីតាំងប្រារព្ធពិធីនៅជុំវិញប្រសាទបន្ទាយឆ្មារ។

នៅថ្ងៃដដែលនោះ ឯកឧត្តម ស សុខា និងឯកឧត្តម កែ សួនសុភាព ក៏បានបើកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗនៃគណៈកម្មការប្រតិបត្តិផងដែរ។ អនុគណៈកម្មការនៃគណៈកម្មការប្រតិបត្តិការកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ រួមមានលេខាធិការដ្ឋាន, អនុគណៈកម្មការផ្គត់ផ្គង់ ដឹកជញ្ជូន និងទំនាក់ទំនងសាធារណៈ, អនុគណៈកម្មការរចនា សិល្បៈ តន្រ្តី សាសនា និងគុនខ្មែរ, អនុគណៈកម្មករសម្របសម្រួលយុវជន និងបរិស្ថាន, អនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន, អនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការចលនូបត្ថម្ភ, អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច និងអនុគណៈកម្មការហិរញ្ញវត្ថុ។

សូមបញ្ជាក់ពិធីចូលឆ្នាំបន្ទាយឆ្មារ នឹងប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ ​បញ្ចស័ក ព.ស២៥៦៦ នឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ សម្រាប់កម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ដែលប្រារព្ធឡើងមួយថ្ងៃមុនថ្ងៃចូលថ្មីប្រពៃណីជាតិ មានកម្មវិធី និងព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើននឹងត្រូវប្រារព្ធ និងរៀបចំឡើង រហូតដល់ថ្ងៃទី១៦ ខែមេសាដែលជាថ្ងៃចុងក្រោយ៕

Share.