យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានឲ្យដឹងថាលោក Philippe Troussier នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិវៀតណាម ទាំងឈុតធំ និងឈុត U-22/U-23 របស់វៀតណាម ត្រៀមស៊ីហ្គេមនៅកម្ពុជា បន្ទាប់ពីការចាកចេញរបស់លោក Park Hang-Seo។

ចំពោះប្រាក់បៀវត្សរ៍របស់លោក Philippe Troussier គ្រូបង្វឹកសញ្ជាតិបារាំង ត្រូវបានរាយការណ៍ថាលើស ៥ម៉ឺនដុល្លារក្នុងមួយខែ ដែល​ខ្ពស់ជាង​តិច​តួចបើធៀប​អតីត​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង Park Hang-seo។ ខណ:កុងត្រារបស់គឺរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

គ្រូបង្វឹក​វ័យ​៦៨​ឆ្នាំ​ខាងលើធ្លាប់ដឹកនាំក្រុម​ជម្រើស​ជាតិជាច្រើនដូចជា៖ កូតឌីវ័រ, នីហ្សេរីយ៉ា, អាហ្វ្រិក​ខាង​ត្បូង, ប៊ូគីណាហ្វាសូ, ជប៉ុន, កាតា, ម៉ារ៉ុក និងក្រុមជម្រើសជាតិវៀតណាម U-19 រួមទាំងក្រុមបាល់ទាត់ Marseille, Hangzhou Greentown, Shenzhen Ruby និង Red Star 93 ជាដើម។

ស្នាដៃសំខាន់មានដូចជា៖ អំឡុងពេលលោកដឹកនាំ​អាហ្វ្រិក​ខាង​ត្បូងប្រកួត FIFA World Cup​ ជុំ​ផ្តាច់​ព្រ័ត្រ ឆ្នាំ​១៩៩៨ និងដឹកនាំជប៉ុន ឈ្នះពាន AFC Asian Cup ឆ្នាំ២០០០ និងជើងឯករង FIFA Confederations Cup ឆ្នាំ២០០១ ព្រមទាំងជួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៩ឆ្នាំ ឡើងវគ្គចែកពូល AFC U19 Asian Cup ២០២០ ផងដែរ៕

Share.