សិល្បៈជាតិ៖ ក្រោយពី ម៉ៃ សុគន្ធ បានធ្វើការប្រៀបធៀបរវាងការស្លៀកពាក់សិចស៊ីរបស់កំពូលតារាចម្រៀង មាស សុខសោភា និងយុវតីម្នាក់បង្ហាញល្វែងខ្នងមានតែអាវទ្រនាប់អង្គុយលើម៉ូតូពីក្រោយបុរសម្នាក់នោះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើននាក់នាំគ្នាវែកញែកព្រោងព្រាតនៅលើហ្វេសប៊ុក ដោយមានមតិខ្លះគាំទ្រការនិយាយរបស់ ម៉ៃ សុគន្ធ និងមានខ្លះទៀតមិនពេញចិត្ត។
យ៉ាងណាមិញ ត្រយង ចេញផ្សាយនូវអត្ថបទនេះ គឺមិនមែនកាត់សេចក្ដីរឿងរកខុស ឬត្រូវចំពោះការស្លៀកពាក់សិចស៊ីនោះទេ ប៉ុន្តែទុកឱ្យមហាជនពិចារណាដោយខ្លួនឯង។
លោក ម៉ៃ សុគន្ធ បានឌឺដងផ្លែផ្កាទៅលើអ្នកនាង មាស សុខសោភា ថា ៖ «ចាស់អោយដឹងចាស់ ធ្វើដូចខ្លួនទើបពេញក្រមុំបែកសាច់ បែប ស្ទាវ ជាអ្នកចម្រៀងចាស់វស្សាមួយរូប មិនខំសាងគំរូល្អៗអោយច្រើនទេ ធ្វើដូចកូនក្មេងស្ទាវទើបចេះច្រៀង ថតលេចលើលេចក្រោម ទាក់ភ្នែក គោឡើងក (គោស្ទាវ) វា មិនអាចទៅរួចទេខំសរសើរ ទាំងទឹកដមសំឡេង ទាំងការរាប់អានគ្នាដល់ឃើញអីចឹង ចប់ដោយគ្មានវាចា ឈប់ទៅ ខំមេស មានប្តីហើយ ខំអីទៀតពាក់អោយ តែប្តីមើលទៅ បានហើយ សំឡេងពីរោះពីធម្មជាតិហើយ ទោះ មិនស្លៀកពាក់បែបខ្វះសាច់ក្រណាត់ ក៏ល្បី ជួរមុខដែរ យល់នៅ? មកពីអាយដល ធ្វើបានទើបហ្វេនមួយចំនួនធ្វើតាម គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ខុសត្រង់តែខោនិងសំពត់តិចទេ»។
ក្រោយការបង្ហោះរបស់លោក ម៉ៃ សុគន្ធ មានមតិមួយលើកឡើងថា ៖ «ហេតុអ្វី មនុស្សស្រីធម្មតាស្លៀកពាក់បែបនេះទទួលបានការរិះគន់ខ្លាំងៗ ជេរប្រមាថ សើចចំអក តែតារាៗដែលគួរជាគំរូគេ បែរជាទទួលបានការសាទ? ស្លៀកពាក់បែបនេះ ហើយថតបង្ហោះជាសារធារណៈអោយគេឃើញ ទោះថតនៅទីណាក៏ដោយ មាត់សមុទ្រ ក្នុងផ្ទះ ក្នុងបន្ទប់ក៏ដោយ តែពួកគេថតបង្ហោះជាសារធារណៈ រហូតដល់ នាយករដ្ឋមន្រ្តីស្រែកផ្តាំអ្នកសិល្បៈកុំអោយស្លៀកពាក់ហួសហេតុចឹងពេក ដែលអ្នកខ្លះជាទីប្រឹក្សាសម្តេចសង្ឃទៀត។ ថាក្មេងស្រីលើម៉ូតូហ្នឹងនាងស្លៀកពាក់មិនសមរម្យ តែមានអ្នកផ្សេងជាអ្នកថតបង្ហោះទេ តែក្រុមតារាខ្លះ ស្លៀកមិនសមរម្យហើយថតបង្ហោះជាសាធារណៈអោយគេឃើញទៀត។ អ្នកខ្លះគេថា លោកអើយមើលសម័យណាហើយ ពិភពលោកគេដើរដល់ណាហើយ មើលប្រទេសគេផង គេសឹងស្រាតដើរហើយ យើងមិនទៅស្រាតដែរទៅ នេះពេលនិយាយប៉ះIdolគេ ។ អ្នកខ្លះគេថាយករូបគេមកផុសចឹងមិនសុំគេ មិនត្រូវទេ ខ្ញុំថាខ្ញុំមិនបានទៅលួចថតនៅផ្ទះគេទេ គេបង្ហោះជាសាធារណៈទេតើ»។
មានមតិមួយទៀតលើឡើងថា ៖ «បើបងឃើញយ៉ាងនេះ បងគួរតែសរសើរវិញទេ សរសើរត្រង់ណា? សរសើរត្រង់ថា ក៏ព្រោះតែចាស់វស្សា ហើយអាមានប្ដីហើយ តែនៅអាចរក្សារាងបាន ថតចេញមកគឺនៅឃើញស័ក្ដិសម ស្អាតយើងគួរសរសើរគេ សម្រាប់ស្រុកគេ បើតារាជួរមុខអញ្ចឹងកាន់តែ sexy ហើយថតមកស័ក្ដិសមអញ្ចឹង គឺគេសរសើរណាស់ តែបើថា មិនមែនក្មេងស្ទាវហើយមានប្ដីទៀត ខំស្លៀកអញ្ចឹង ចេញមកក្រម៉ាប់ក្រម៉ាប់ សាច់ជ្រូកបីជាន់អី អូនរិះគន់បងនឹងលើកស្ទួយ ចឹងអូនយកពាក្យបងទៅពិចារណាតិចមើលណាពៅព្រលឹង បងគិតថា ឈុតនេះជាឈុតស័ក្ដិសមនឹងរាងអាភាហើយ អ្នកខ្លះចង់ស្លៀកពាក់អញ្ចឹង បងជឿថាស្លៀកមិនបានផង ហើយឃើញអូនផុសអញ្ចឹងនៅមានអ្នកនោះចូលមកសើចគេទៀត ហួសចិត្ត ចាំណាអូន អ្នកខ្លះស្លៀកពាក់ជិតល្អស្អាត តែចរិតធូរថ្លៃជាងលុយ ១០០រៀលទៀត ហើយជំពាក់គេជុំទិស»។
ហើយមតិមួយទៀតនេះលើកឡើងថា ៖ «បើយកតែរូបម្នាក់ស្រីជិះម៉ូតូមកផុសមិនអីទេ តែនេះថែមទាំងយករូប មាស សុខសោភា មកផុសហើយសរសេរបែបនេះទៀត បើគេប្តឹងបងពីបទមើលងាយរឺបរិហារកេរ្តិ៍ ជាសាធារណៈបងនិងជាប់ទោសណាបង »។
ជាទស្សនៈពិចារណា តារាស្លៀកសិចស៊ី មិនត្រូវបានបង្ហាញជាសាធារណៈជន ឬទីប្រជុំជនណាមួយនោះទេ ប៉ុន្តែគេអាចនិយាយបានថា ជាសិល្បៈនៃការថតរូប ឬ ជា Art Gallery។ រីឯនារីស្លៀកពាក់សិចស៊ី បង្ហាញខ្លួននៅទីប្រជុំជន គឺរងនូវការវិនិច្ឆ័យពីមាត់អ្នកដទៃ ដោយសំអាងលើការបំពានប្រពៃណី។ ការរិះគន់ចំពោះស្ត្រី គេអាចចាត់ទុកថា ជារំលោភលើសិទ្ធិសេរីភាពក្នុងការសម្តែងចេញរបស់ស្ត្រី ធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពផ្ទាល់ខ្លួន និងធ្វើឱ្យមានការរើសអើងប្រឆាំងនឹងស្ត្រីដែលបានប្រឈមនឹងផ្នត់គំនិតយេនឌ័រ និងបទដ្ឋានសង្គមបែបអវិជ្ជមានដែលចាក់ឫសជ្រៅក្នុងសង្គម។ ប៉ុន្តែពាក្យថា ប្រពៃណី សេចក្តីថ្លៃថ្នូរ សោភ័ណភាព គឺមិនមានលក្ខខណ្ឌរឹតត្បិតស្របច្បាប់ណាមួយ ចំពោះសិទ្ធិមនុស្សក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះទេ។
ចុះអ្នកវិញ គិតបែបណាដែរ ចំពោះបញ្ហាខាងលើនេះ?