អាជ្ញាធរចម្រុះ បានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍ ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីថ្ងៃទី២៧ ខែមិថុនា ២០២១។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ បានឲ្យដឹងថា «ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងធ្វេីការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដេីម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វេីការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀតប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃនោះទេ។»

នៅក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោខាងលើនេះ ដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។

សូមបញ្ជាក់ថា សត្វតោឈ្មោលនោះ មានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម៕

បុគ្គលិកនៅឯ PTWRC រួមទាំងប្រធានថែសត្វ Wildlife Alliance ស៊ីថេង ទ្រី តែងតែធ្វើឲ្យប្រាកដថា សត្វនឹងទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ៕

Share.