យោងតាមចុះផ្សាយរបស់ Korea Joongang-Daily បានចុះផ្សាយថាអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo បានថ្លែងក្នុងសន្និសីទសារព័ត៌មានថាលោកមានបំណងចង់បន្តអាជីពជាគ្រូបង្វឹករយៈពេល ២ឬ៣ឆ្នាំ បន្ថែមទៀត ប៉ុន្តែមិនមែនក្រុមជម្រើសជាតិកូរ៉េខាងត្បូង ឬវៀតណាម ឡើយ។

លោក Park Hang-seo បានលើកឡើងដូច្នេះថា៖«ខ្ញុំគិតថាកម្លាំងបច្ចុប្បន្នរបស់ខ្ញុំនៅអាចដឹកនាំបានបាន២ទៅ៣ឆ្នាំបន្ថែមទៀត ប៉ុន្តែខ្ញុំមិនអាចវិលត្រលប់ទៅដឹកនាំក្រុមជម្រើសជាតិវៀតណាម ឬធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងឡើយ។ ប៉ុន្តែប្រសិនបើក្រៅពីប្រទេសទាំងពីរ ខ្ញុំនឹងពិចារណាលើកត្តាដូចជាតួនាទី និងទីតាំង»។

លោកបន្ថែមទៀត៖«ខ្ញុំបានដឹកនាំសរុបចំនួន ៩៨ប្រកួត ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិវៀតណាម និងឈុត U-23។ ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែដឹកនាំ២ប្រកួតបន្ថែមទៀត ដើម្បីឲ្យគ្រប់ ១០០ប្រកួត»។

លោក Park Hang Seo បច្ចុប្បន្នមានវ័យ៦៥ឆ្នាំ លោកបាន​មកដឹកនាំក្រុមជម្រើសជាតិវៀតណាមដំបូងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំ បន្ទាប់ពីដឹកនាំបានល្អសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បន្ថែមកិច្ចសន្យាថ្មីជូនគាត់៣ឆ្នាំជាបន្តទៀត រហូតផុតកុងត្រានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ស្នាដៃលោក Park Hang Seo ក្នុងនាមជាគ្រូបង្វឹករៀតណាម៖
– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U-23 Championship (ចាញ់ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ២-១)
– 2018 នៅ Asian Games ក្រុមជម្រើសជាតិវៀតណាម ក៏បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ជាលើកដំបូងក្នុងរយៈពេល ៥៦ឆ្នាំ
– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមឈ្នះពាន AFF Championship បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ៣-២ សរុបទាំង២ជើងនៅពហុកីឡដ្ឋានជាតិ Mỹ Đình ទីក្រុងហាណូយ។
– 2019 ពានរង្វាន់ AFC Asian Cup វៀតណាមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមជើងឯករងជប៉ុន ១-០ នៅប្រទេសអារ៉ាប់រួម។
– 2021 ជួយឲ្យក្រុមជម្រើសជាតិវៀតណាម ក្លាយជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ៕

Share.