គម្រោងធំៗជាច្រើននឹងកើតមានឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួបទី១០ឆ្នាំ នៅក្នុងឆ្នាំ២០២៣នេះ ក្នុងនោះក៏មាន «ភូមិខ្ញុំ» ដែរ។ ភូមិខ្ញុំជាគម្រោងមួយដែលដឹកនាំគ្រប់គ្រងដោយឯកឧត្តម សុខា​ សង្វារ។ គម្រោងនេះ នឹងរៀបចំជា៨ទស្សនីយភាពធំៗដូចជា ១-ផ្ទះមរតកដូនតា, ២-ផ្ទះនំខ្មែរ, ៣-សាលាឆទាន, ៤-ផ្សារខ្មែរ, ៥-ឆាកធំ, ៦-រោង DJ, ៧-វត្ថុយក្ស និង៨-រោងសប្បកម្ម។

ឯកឧត្ដម សុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំ ថ្លែងថាគម្រោងធំៗខាងលើនេះ នឹងជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង «ភូមិខ្ញុំ» ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនវិស្វករ ប្រមាណ៦០នាក់។ គម្រោង«ភូមិខ្ញុំ»នឹងទទួលភ្ញៀវចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា៕

Share.