បន្ទាយមានជ័យ៖ អាជ្ញាធរនិងសមត្តកិច្ចក្រុងប៉ោយប៉ែតមានការព្រួយបារម្ភក្រោយពីកើតមានករណីអគ្គិភ័យឆេះជាច្រើនករណីនៅដើមឆ្នាំ២០២៣នេះ។

ជាក់ស្តែងនៅថ្ងៃទី២០ និង២១ ខែកុម្ភៈ នេះ រយៈពេលពីរថ្ងៃនេះ មានអគ្គិភ័យឆេះ៣ករណី ដែលក្នុងនោះរួមមាន៖ឆេះព្រៃ២ករណី និងស្តង់អេតចាយ១ករណីផងដែរ តែត្រូវបានសមត្ថកិច្ចអាជ្ញាធរបាញ់ទឹកបង្ការបានទាន់ពេលវេលា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង៨.៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្លើងឆេះព្រៃមួយកន្លែង ដោយមិនដឹងមូលហេតុ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ភ្លើងឆេះព្រៃមានរយៈពេល ២យប់ជាប់គ្នាហើយដែលមិនដឹងពីមូលហេតុនៅឡើយ។ នៅវេលាម៉ោង៨.៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣បានឆាបឆេះកំពោតព្រៃក្នុងបរិវេណដីក្រុមហ៊ុនឌឹផាកស៊ីធីតែត្រូវបានរលត់នៅម៉ោង៩.៣០នាទីនិងមិនប៉ះពាល់ដល់ដល់ផ្ទះសំបែងប្រជាពលរដ្ឋឡើយ។

លោកបានបញ្ជាក់ថា៖ អគ្គិឆាបឆេះព្រៃក្នុងបរិវេណដីក្រុមហ៊ុនឌឹផាកស៊ីធីប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងមានខាងអធិការដ្ឋាននគរបាលក្រុង និងក្រុមហ៊ុនកាស៊ីណូត្រៀមការពារខ្លាចរាលដាលផ្ទះបងប្អូនប្រជាពលរដ្ឋនៅជុំវិញ។ តែសំណាងហើយដែលមានរបងសង្កសីរបស់ក្រុមហ៊ុន ដែលមានកម្ពស់៣ម៉ែត្រ ភ្លើងឆេះអស់តែ៣ហិកតាប៉ុណ្ណោះដោយសារសមត្ថកិច្ចអន្តរាគមន៍ពន្លត់ បានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចភូមិ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត មានអគ្គិភ័យឆាបឆេះព្រៃចំការស្វាយជាប់ផ្លូវជាតិលេខ៥ខាងត្បូងរយៈពេល៣ម៉ោងទើបពន្លត់បានដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣ទៅ៤គ្រឿងដើម្បីបាញ់ពន្លត់ ប៉ុន្តែភ្លើងបានឆេះចំការស្វាយ៤ទៅ៥ហិកតា។ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ចបានត្រៀមរថយន្តការពារបាញ់ទឹកពន្លត់ផងដែរដើម្បីកុំឲ្យភ្លើងរាលដាលឆេះប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ៕

អត្ថបទ៖ប៉ោយប៉ែត

Share.