កុមារីម្នាក់ស្លាប់ដោយឆ្លងជំងឺផ្តាសាយបក្សីH5N1។ ដំណឹងនេះត្រូវបានប្រកាសឱ្យដឹងដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនាយប់ថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៣នេះ។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កុមារីដែលរកឃេីញថាស្លាប់ដោយសារជំងឺផ្តាសាយបក្សី​ H5N1នោះ មាអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ។

ប្រភពឱ្យដឹងថា កុមារី​ចាប់ផ្តេីមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​ និងថាក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល​ ដោយកុមារីចាប់ផ្តេីមហត់ ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​។

«នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ ថ្ងៃទី​ ២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់មានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ​ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី​»។ នេះជាការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។

តាមរយៈទំព័រហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋកុំប៉ះពាល់សត្វឈឺ ឬងាប់​ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ​ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬរាយការណ៍ទៅលេខ​ ១១៥​៕

Share.