ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះកញ្ចុះស្បូវ អស់ចំនួន៥កញ្ចុះ នៅហាងKTV ដោយសារទុស្សេខ្សែភ្លើង ផ្អើលភ្ញៀវកំពុងផឹកសុីនៅតាមកញ្ចុះ រត់បាតជើងសព្រាត ទាំងអារម្មណ៍ភ័យស្លន់ស្លោ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅហាងKTV យុីហោ ម៉ាន់នី ហ្គោលសុីតធី ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ ជីង ម៉ាប់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ បើកហាងផឹកសុី រស់នៅផ្ទះនៅកន្លែងកើតហេតុខាងលើ ។ កញ្ចុះចំនួន៥ ត្រូវបានភ្លើងឆេះស្បូវដំបូលអស់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលហាងកំពុងមានភ្ញៀវចូលផឹកសុី នៅកញ្ចុះផ្សេង ស្រាប់តែទុស្សេខ្សែភ្លើងនៅកញ្ចុះខាងក្រោយ បណ្តាលឲ្យឆេះដំបូលស្បូវ រាលទៅកញ្ចុះផ្សេងទៀតជាប់ៗគ្នា សរុបអស់ចំនួន៥ ។

ភ្លាមៗត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន២គ្រឿងចេញទៅបាញ់ទឹកពន្លត់ភ្លើង ។

ករណីអគ្គិភ័យខាងលើ ខូចខាតតែដំបូលកញ្ចុះស្បូវ តែប៉ុណ្ណោះ មិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.