សិល្បៈជាតិ៖ គិតមកត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ វីដេអូលោក ករុណា ពេជ្រ លុតជង្គង់សំពះតារារៀមច្បង ម៉េង កែវពេជ្ជតា ពេលច្រៀងរួមគ្នាក្នុងកម្មវិធី The Wall Song Cambodia បានកន្លងទៅមួយសប្ដាហ៍ហើយ ក៏ប៉ុន្តែនៅលើបណ្ដាញសង្គមនៅតែបន្តសរសើរពីតារាចម្រៀងប្រុសរូបនេះមិនដាច់ពីមាត់។
អារម្មណ៍ពិតរបស់លោក ករុណា ពេជ្រ បានបង្ហាញប្រាប់មហាជនថា ៖ «និយាយចេញពីចិត្ត បងប្អូន អើយ…ថតកម្មវិធី The wall song ចប់ ដូចបានធ្វើបុណ្យ 7 វត្តអីចឹង..រន្ធត់ភ័យ ជាងរុញទម្លាក់ជ្រោះទៀត..បងស្រី ម៉េង កែវពេជ្ជតា កូរមធ្យម ងំក្រុមការងារថត និង អ្នករៀបចំកម្មវិធីនេះតែម្តង គឺ ធ្វើស៊ីទាំងអ្នកសមភ្លេង ទាំងកាយវិការ គ្រប់ហ្មង និយាយរួម មកគឺ ស្អប់ ពួកគាត់មកដល់ថ្ងៃនេះ មិនទាន់បាត់ផង..តែចុងក្រោយ មើលហើយ សើចខ្លួនឯងរហូត… កូរគេ ដល់គេកូរវិញ ចង់ខ្សោយបេះដូង គាំង ម៉ាសារៗ ហ្មង..»។
យ៉ាងណាមិញ ម៉េង កែវពេជ្ជតា ក៏បានបង្ហោះសារតបវិញថា ៖ «ករុណា ពេជ្រ គាត់ធ្វើឱ្យរៀមច្បងកោតសរសើរណាស់នូវកាយវិការគោរពរបស់គាត់ចំពោះខ្ញុំជាសិស្សច្បង។ អរគុណកាយវិការដ៏មានគុណធម៌ និង ក្រមសីលធម៌ខ្ពស់របស់ប្អូន។ អរគុណពិធីករដ៏ក្រមិចក្រមើម ប្អូន ប៉ែន ចំរុង អរគុណប្អូនៗទាំងអស់គ្នាដែរ ប្អូនប្រុស ណារ៉ា ប្អូនស្រី ស៊ឹម ថៃណា ប្អូនប្រុស អាន គុណកូឡា ប្អូនស្រី អ៊ីវ៉ា ប្អូនអ្នកទាំងអស់គ្នាគួរឱ្យស្រឡាញ់ណាស់»។
ជាការពិតណាស់ គេកម្របានឃើញតារាប្រុសរូបណាដែលបង្ហាញសកម្មភាព ឬកាយវិការលុតជង្គង់សំពះតារារៀមច្បងបែបនេះនៅលើឆាកក្នុងកម្មវិធីទូរទស្សន៍កន្លងមកទេ។ ការគោរព ការសំពះ គឺជាកាយវិការដ៏មានក្រមសីលធម៌ សុជីវធម៌ មួយដែលកូនខ្មែរគ្រប់រូបតែងតែប្រណិប័តន៍ជាប្រចាំ។ ដូច្នោះហើយ យើងអាចចាត់ទុកថា នេះគឺជាគំរូល្អដែលតារាសិល្បៈជំនាន់ក្រោយគួរតែយកជាគំរូតាម។
យ៉ាងណាមិញ ក្រោយផ្ទុះការសរសើរមិនដាច់បែបនេះ លោក ករុណា ពេជ្រ ក៏បានផ្ដាំឱ្យអ្នកគាំទ្ររង់ចាំជួយគាំទ្រស្នាដៃបទចម្រៀងថ្មីរបស់លោកដែលមានចេញនៅក្នុងផលិតកម្មថោននាពេលឆាប់ៗខាងមុខនេះផង៕
