រឿង​ហេតុ​ដែល​បង្ក​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​ក្ដៅ​គគុក​លើ​បណ្ដាញ​សង្គម​នេះ​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​មិថុនា​ ​ឆ្នាំ​២០២១ តារា​សម្ដែង​-តារា​ចម្រៀង​ Liu Yuning ដែល​កំពុង​ស្ថិត​ក្នុង​ការ​ថត​ភាពយន្ត​ថ្មី​របស់​លោក​ បាន​ទាក់ទាញ​​ការ​ចាប់​អារម្មណ៍​អ្នក​ដែល​បាន​ឃើញ​ គឺ​លោក​ស្ថិត​ក្នុង​សំលៀក​បំពាក់​ប្រពៃណី​បុរាណ​ចិន​ រៀបចំ​តុបតែង​ខ្លួន​បាន​យ៉ាង​ស្អាត​សង្ហា ប៉ុន្តែ​ពេល​សំរាក​ តួ​អង្គម​ Hao Du ក្នុង​រឿង​ព្រះ​នាង​ ឆាង​កឺ​ រូប​នេះ​ បាន​អង្គុយ​​លើ​កៅអី​តូច​មួយ​ហើយ​ជក់​បារី​ បឺត​ស្រូប​យក​ផ្សែង​ចូល​ពេញ​ក្នុង​ពោះ​។

សកម្មភាព​ជក់​បារី​បណ្ដើរ​ អង្រួន​ជើង​បណ្ដើរ ផ្លុំ​ផ្សែង​ចេញ​ជា​រូប​ចិញ្ចៀន ព្រម​ទាំង​មុខ​សប្បាយ​រីករាយ​របស់​លោក​ បាន​ធ្វើ​ឱ្យ​កើត​ជា​ការ​តវ៉ា​ ពិសេស​នារី​ដែល​ធ្វើ​ការ​ងារ​ជា​អ្នក​ Make Up នឹង​មាន​អារម្មណ៍​បែប​ណា​ដែល​​ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​លោក​ដែល​កំពុង​ជក់​បារី​បែប​សប្បាយ​អារម្មណ៍​ដោយ​មិន​​គិត​ពី​ចិត្ត​អ្នក​ដទៃ​។

បារី​គឺ​ជា​គ្រឿង​ផ្ដល់​គ្រោះថ្នាក់​ដល់​សុខភាព​ ការ​ដែល​តារា​ជក់​បារី​នៅ​ទីសាធារណៈ​ ឬ​សកម្មភាព​របស់​តារា​ជក់​បារី​ត្រូវ​បាន​យក​ទៅ​បង្ហោះ​គឺ​ជា​កំហុស​ឆ្គង​មួយ​ដ៏​ធ្ងន់ធ្ងរ ​ពិសេស​នៅ​ក្នុង​ទីតាំង​ថត​ភាពយន្ត​ទៀត​។

​នៅ​ឆ្នាំ​ ២០១៨ នៅ​ពេល​មាន​អ្នក​លើក​ឡើង​ថា​លោក​ធាត់ Liu Yuning បាន​ឆ្លើយ​តប​ថា​លោក​ផ្ដាច់​បារី​ធ្វើ​ឱ្យ​លោក​ឃ្លាន​ជា​ពិសេស​លោក​ច្រើន​ឃ្លាន​នៅ​ពេល​យប់​។ ​ចូល​​ឆ្នាំ​ ២០១៩ Liu Yuning បាន​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ហើយ​បាន​ប្រកាស​ថា​លោក​បាន​ផ្ដាច់​បារី​បាន​ជោគជ័យ​ ដើម្បីការពារ​បំពង់ក​របស់លោក​។

រូបភាព​ជក់​បារី​របស់​លោក​បាន​ធ្វើ​ឱ្យ​មហាជន​មាន​ខឹង​ និង​ស្ដី​បន្ទោស​តារា​រូប​នេះ​យ៉ាង​ខ្លាំង​ព្រោះ​កន្លង​មក​ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​មួយ​រូប​ដែល​ ជា​គំរូ​ល្អ​ប៉ុន្តែ​លោក​បែរ​ជា​បង្ហាញ​នូវ​ទង្វើ​បែបនេះ​នៅ​ទីសាធារណៈ​។ មហាជន​ខ្លះ​បាន​លើក​ឡើង​ថា​ ដោយ​សារ​បច្ចុប្បន្ន​ Liu Yuning ចាប់​ផ្ដើម​ចាប់​យក​អាជីព​ជា​តារា​សម្ដែង​ពេញ​ទី​ ដូច្នេះ​គេ​លែង​សូវ​ខ្វល់​ពី​ការ​ថែរក្សា​សំឡេង​ទៀត​ក៏​បាន។

ក្នុង​នោះ​ក៏​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ធ្វើ​ការ​ស្ដី​បន្ទោស​លោក​ទៀត​ថា​ លោក​ឈប់​និយាយ​សម្ដី​ផ្ដេសផ្ដាស​អត់​បានការ​ប្រសិន​បើ​លោក​មិន​អាច​រក្សា​ពាក្យ​សម្ដី​របស់​លោក​ ខណៈ​អ្នក​ខ្លះ​ទៀត​លើក​ឡើង​មនុស្ស​កុហក​ សាង​រូប​ភាព​បំភ័ន្ត​ភ្នែក​គង់​តែ​បែក​ធ្លាយ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា​ លោក​ជា​តារា​​មិនមែន​បាន​សេចក្ដី​ថា​លោក​អាច​ជក់​បារី​នៅ​ទី​សាធារណៈ​ ឬ​ចង់​ធ្វើ​អ្វី​បាន​តាម​ចិត្ត​នោះ​ទេ​។

បញ្ហា​ចំរូងចម្រាស​រឿង​ជក់​បារី​នេះ​បាន​ធ្វើ​ឱ្យ​តារា​ជា​ច្រើន​បាត់​បង់​ការងារ​ ​និង​ប្រជា​ប្រិយភាព​ដូច​ជា​ តារា​សម្ដែង​ស្រី​ Yang Ying , Zhao Wei , TFBOYS ( សមាជិ​ក​២​រូប​ប៊ិះ​នឹង​ត្រូវ​ជម្រុះ​ចេញ​ពី​ក្រុម​) ​និង Wang Yuan សុទ្ធ​តែ​រង​ផល​ប៉ះពាល់​ដល់​អាជីព​ដោយ​សារ​តែ​បញ្ហា​បារី​ទាំង​អស់​៕

Telegram-Troryorng

Share.