ភ្នំពេញ ៖ឪពុកម្តាយយំបោកខ្លួន ក្រោយពីមិនបានឃើញកូនស្រីចេញមកទទួលឪពុកដូចសព្វដង លុះដើរស្វែងរក ស្រាប់តែប្រទះឃើញកូនស្រីឈ្លក់ទឹកក្នុងលូបង្គន់ស្លាប់ទៅវិញ ដោយសារដើរទៅចាប់រើសប៉ោងប៉ោង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

កុមារីរងគ្រោះមាន ឈ្មោះ វណ្ណា ដាវីកា អាយុ៣ឆ្នាំ មានឪពុកឈ្មោះ នឿត វណ្ណា អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ និងដឹកផលិតផលអនឡាញ ម្តាយឈ្មោះ ម៉េត ឡាត់ អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ ។គ្រួសារនេះ ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុខាងលើ មានស្រុកកំណើតភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមបុរសជាឪពុក បានឲ្យដឹងថា គ្រួសារគាត់មានកូនស្រីចំនួន២នាក់ កូនរងគ្រោះជាកូនច្បង អាយុ៣ឆ្នាំ រីឯកូនស្រីពៅ អាយុបាន១ខួប ស្នាក់នៅផ្ទះជួលចំណុចខាងលើ ៣ឆ្នាំមកហើយ ។

ប្រភពបន្តទៀតថា រាល់ថ្ងៃឲ្យតែវិលត្រឡប់មកពីធ្វើការងារវិញ ចូលដល់ផ្ទះ កូនស្រីតែងតែរត់មកទទួល ស្រាប់តែនៅថ្ងៃនេះ បន្ទាប់ពីគាត់វិលត្រឡប់មកពីដឹកអុីវ៉ាន់ឲ្យគេវិញ មិនឃើញកូនស្រីចេញមកទទួល លុះសាកសួរទៅប្រពន្ធ ដែលកំពុងមើលកូនតូចម្នាក់ទៀត ទើបនាំគ្នាដើររក ក្នុងបរិវេណផ្ទះជួល ដែលមានរបងបិទជិត ស្រាប់តែប្រទះឃើញ កូនស្រីលង់ទឹកលូបង្គន់ស្លាប់ទៅវិញ ។

បើតាមសម្តីស្ត្រីជាម្តាយវិញ បានឲ្យដឹងថា ក្រោយហូបបាយរួច កូនស្រីគាត់ កាន់ប៉េងប៉ោង រត់លេង គាត់ក៏មិនចាប់អារម្មណ៍ដែរ ព្រោះរបងទ្វាដីឡូត៍បិទជិត រីឯគាត់រវល់តែមើលកូនតូច លុះពេលដែលប្តីមកដល់ បាត់កូន សួររក ទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញ ធ្លាក់ក្នុងលូបង្គន់ ឈ្លក់ស្លាប់ ។

តាមការសន្និដ្ឋាន ក្មេងស្រីខាងលើ ដើរតាមរើសប៉េងប៉ោង ក៏ធ្លាក់ដាំដូងចូលលូបង្គន់ ឈ្លក់ស្លាប់។ពេលឃើញហេតុការណ៍នោះភ្លាម ឪពុកម្តាយយំបោកខ្លួន ឱបសពកូនស្រីនៅមុខបន្ទប់ជួល ។

ករណីខាងលើ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាកុមារីរងគ្រោះ ស្លាប់ដោយសារធ្លាក់ចូលលូបង្គន់ ឈ្លក់ស្លាប់ រួចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.

Leave A Reply