ក្មេងស្ទាវ៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពី យកដុំថ្មគប់រថយន្តរបស់អ្នកដំណើរនៅតាមផ្លូវនៅពេលយប់។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១:៤៣នាទីរំលងអធ្រាត្រ-ចំណុច៖ ចន្លោះគីឡូម៉េត្រ២៩-៣០ ភូមិឃ្លាំងស្បែក ឃុំកំពង់លូង ស្រុកពញាឮ ខេត្តកណ្ដាល ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ ចន្ថា តុលា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅសព្វថ្ងៃភូមិគីឡូម៉ែត្រលេខ៤ សង្កាត់គីឡូម៉ែត្រលេខ៤ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែកឯជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានចំនួន៣នាក់រួមមាន៖

១.ឈ្មោះ ទីន ម៉ាលី ហៅស្តេចស្វា ឬ ឆ្កែចចក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស មានទីលំនៅភូមិទួលងោក ឃុំកំពង់លូង ស្រុកពញាឮ ខេត្តកណ្ដាល។

២.ឈ្មោះ ខេង ជីវ៉ា ហៅ វ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

៣.ឈ្មោះ ជា ចាន់ណា ហៅទា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។

យោងតាមលទ្ធផលនៃការធ្វើតេស្តទឹកនោមបង្ហាញថា ជនសង្ស័យទាំង៣នាក់ពុំមានផ្ទុកសារធាតុញៀននោះឡើយ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៤:៤០នាទីមានប្រជាពលរដ្ឋឈ្មោះ ម៉ាន រ៉ូហ្ស៊ី ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុក ពញាឮ ខេត្តកណ្តាល បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ពីសកម្មភាពកូនប្រុសឈ្មោះ ទីន ម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរសិស្ស រៀនថ្នាក់ទី១២ ថា៖កូនរបស់ខ្លួន បានដើរលេងយប់ៗ មិនចូលផ្ទះនិង មិនទៅរៀន និងសង្ស័យកូនរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀន ហើយបានពឹង ឱ្យកម្លាំងប៉ុស្តិ៍កំពង់លួងជួយជូនកូនទៅដាក់មណ្ឌលកែប្រែផ្តាច់ថ្នាំញៀន  ប៉ុន្តែពេលយកទៅដល់មណ្ឌលកែប្រែ បានពិនិត្យទឹកនោម លទ្ធផលគ្មានសារធាតុញៀននៅក្នុងទឹកនោមទេ បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានយកឈ្មោះ ទីន ម៉ាលី មកឱ្យផ្នែកជំនាញសាកសួរ ហើយឈ្មោះ ទីន ម៉ាលី បានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២៣ វេលាម៉ោង២១:០០នាទី រូបខ្លួន និងបក្ខពួកក្នុងក្រុម GK មានឈ្មោះ ណាង, ឈ្មោះ លៀប, ឈ្មោះ ហេង (តូច), ឈ្មោះ ហេង (ធំ), ឈ្មោះ ហ្វាហ្ស៊ី, ឈ្មោះ ជីវន្ត័ ហៅ ង៉ោល, ឈ្មោះ វ៉ា, ឈ្មោះ ណូ និង ឈ្មោះ ទា បាននាំគ្នាជិះម៉ូតូឌុបគ្នាសរុប ០៥គ្រឿង នាំគ្នាទៅអង្គុយលេងនៅក្រោមស្ពានព្រែកក្តាមត្រើយលិច ជាមួយខ្ទើយ ដោយពួកខ្លួន អង្គុយលេងរហូតដល់ម៉ោង២២:០០នាទី ឈ្មោះ ណាង, ឈ្មោះ លៀប, ឈ្មោះ ហេង (តូច), ឈ្មោះ ហេង (ធំ), ឈ្មោះ ហ្វាហ្ស៊ី, ឈ្មោះ ជីវន្ត័ ហៅ ង៉ោល និង ឈ្មោះ ណូ បាននាំគ្នាជិះម៉ូតូត្រលប់មកផ្ទះមុន ចំណែករូបខ្លួន និងឈ្មោះ វ៉ា, ឈ្មោះ ទា  បានជិះម៉ូតូម៉ាក Honda Dream C125 ផលិតឆ្នាំ២០០៥ ពណ៌ខ្មៅ ជាម៉ូតូរបស់ខ្លួនដោយក្នុងនោះឈ្មោះ ទា ជាអ្នកបើកម៉ូតូ ឈ្មោះ វ៉ា អង្គុយកណ្តាល រីឯរូបខ្លួនអង្គុយពីក្រោយ បានជិះម៉ូតូឌុបគ្នាទៅលេងបន្ទប់ជួលសង្សារនៅម្តុំឬស្សីកែវ រាជធានីភ្នំពេញ  លុះដល់វេលាម៉ោង ០០:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លួននិង ឈ្មោះ វ៉ា, ឈ្មោះ ទា បានជិះម៉ូតូឌុបគ្នាត្រលប់មកវិញ  ដោយពេលពួកខ្លួន ជិះមកតាមផ្លូវមកដល់ម្តុំ ព្រែកតាទែន ពេលនោះឈ្មោះ វ៉ា បានឱ្យឈ្មោះ ទា ឈប់ម៉ូតូដើម្បីរើសដុំថ្ម  ហើយឈ្មោះ វ៉ា បានរើសដុំថ្ម កាន់ជាប់នឹងដៃ និងលាក់ក្នុងអាវពីមុខ បន្ទាប់មករូបខ្លួនបានគប់កញ្ចក់រថយន្តធុនធំ ដែលបើកតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅបញ្ជ្រាសទិសគ្នា (ពីជើងទៅត្បូង) បណ្តាលឱ្យត្រូវរថយន្ត ០១គ្រឿង ដោយខ្លួន មិនដឹងគប់ត្រូវត្រង់ណាទេ។

លុះដល់វេលាម៉ោង០១ រំលងអធ្រា្រត ថ្ងៃ ខែ ឆ្នាំ ដដែល ខណៈពេលពួកខ្លួនបានជិះម៉ូតូតាមផ្លូវជាតិលេខ៥ មកដល់ចំណុចភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ស្រាប់តែត្រូវឈ្មោះ វ៉ា បានយកដុំថ្មគប់សំដៅទៅលើរថយន្តធុនធំ ០១គ្រឿង ដែលកំពុងបើកបញ្ជ្រាសទិសគ្នា ជាមួយខ្លួន បណ្តាលឱ្យត្រូវកញ្ចក់ពីមុខបែកខូចខាត  បន្ទាប់ពីធ្វើសកម្មភាព គប់រថយន្តរួចរូបខ្លួន បានចូលទៅផ្ទះដេក ចំណែកឈ្មោះ វ៉ា និង ឈ្មោះទា បាននាំគ្នាទៅដេកនៅផ្ទះឈ្មោះ វ៉ា នៅភូមិសង្វរ ឃុំកំពង់លួង តែម្តង។ កន្លងមក បក្ខពួករបស់ខ្លួន ក្នុងក្រុម GK ធ្លាប់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកដំណើរតាមផ្លូវជាតិលេខ៥ (វៀងថ្មី)។ នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១៧:៤៥នាទី កម្លាំងជំនាញបានបន្តស្រាវជ្រាវនាំខ្លួនជនសង្ស័យចំនួន ០២នាក់ទៀតរួមមាន ឈ្មោះ ខេង ជីវ៉ាហៅវ៉ា និង ឈ្មោះ ជា ចាន់ណា ហៅ ទា មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ។ពួកគេ បានឆ្លើយសារភាពថា៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ រូបខ្លួននិងឈ្មោះ ទីន ម៉ាលី ពិតជាបានធ្វើសកម្មភាព គប់កញ្ចក់រថយន្តរបស់គេប្រាកដមែន។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំទៅអធិការរដ្ឋានគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.