ប្រទេសនូវែលសេឡង់ នឹងចាប់ផ្ដើមយុទ្ធនាការរៃអង្គាសថវិកាអន្តរជាតិសម្រាប់ការកសាងប្រទេសឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារព្យុះស៊ីក្លូន Gabrielle បានបោកបក់នៅភាគខាងជើងប្រទេសនេះកាលពីដើមខែកុម្ភៈ ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញទៅរកកន្លែងសុវត្ថិភាព និង មនុស្សចំនួន ១១នាក់ បានបាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយសារព៍ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣។

នាយករដ្ឋមន្រ្តី Chris Hipkins បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ការអំពាវនាវនេះនឹងអាចជួយស្ដារគម្រោងរយៈពេលវែងឲ្យបានប្រសើរឡើងវិញ។ លោកបន្ដថា មានជនបរទេសមួយចំនួនចង់ចូលរួមចំណែកក្នុងការជួយស្ដារប្រទេសឡើងវិញ»។

ការអំពាវនាវនេះ នឹងយកគំរូតាមការរៃអង្គាសប្រាក់សម្រាប់ការរញ្ជួយដីនៅ Christchurch ឆ្នាំ ២០១១ ដែលប្រមូលបានប្រាក់ជាង ៥៧.៩៤លានដុល្លារអាមេរិក។

សូមជម្រាបថា ព្យុះស៊ីក្លូន Gabrielle បានបោកបក់លើកោះខាងជើងនៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៣ ដោយបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ស្ពាន អគារនានា និង បណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ក្នុងតំបន់មួយចំនួនគ្មានអគ្គិសនីប្រើប្រាស់ ហើយមួយចំនួនទៀតបានជម្លៀសចេញពីផ្ទះសម្បែង៕

ប្រភព៖ CNA

Share.