ទំនាស់រឿងព្រំដីបានឈានទៅដល់ផ្ទុះអំពើហិង្សានិងបណ្តាលឲ្យស្ត្រីម្នាក់បាត់បង់ជីវិតកាលពី ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១នេះ ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់ព្រលប់ថ្ងៃទី២៧ខែមិថុនា សមត្ថកិច្ចបានឈាន ទៅចាប់ខ្លួនជនសង្ស័យដែលបានទាញពូថៅកាប់សម្លាប់ស្ត្រីម្នាក់ជាអ្នកជិតខាងរឿងទំនាស់ព្រំដី នោះបានហើយ នៅផ្ទះជនដៃដល់ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននោះមានឈ្មោះ ចយ សឺន ភេទប្រុស អាយុ 67ឆ្នាំ បានយកពូថៅកាប់ទៅលើស្ត្រីរងគ្រោះឈ្មោះសួ សួង ភេទស្រី អាយុ 74ឆ្នាំ កាលពីថ្ងៃទី26 ខែមិថុនា ឆ្នាំ2021 ត្រូវចំក្បាលចំនួន4ពូថៅ បណ្តាលឲ្យស្លាប់ភ្លាមនៅហ្នឹងកន្លែង នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះជនដៃដល់បានរត់គេចខ្លួន។

 ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវចាំឃ្លាំមើលនៅផ្ទះជនល្មើស រហូតដល់វេលាម៉ោង17ថ្ងៃទី27ខែមិថុនា ឆ្នាំ2021 ជនដៃដល់ បានដើរមកផ្ទះរបស់ខ្លួន ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួនភ្លាមៗ និងដកហូតវត្ថុតាង ពូថៅពុះអុស ដែលជនសង្ស័យយកទៅកាប់លើជនរងគ្រោះ។

បើតាមសមត្ថកិច្ច មូលហេតុដែលធ្វើឲ្យជនដៃដល់ទាញពូថៅកាប់លើជនរងគ្រោះនេះ ដោយសារតែ មានទំនាស់ក្នុងរឿងព្រំដីជាប់គ្នា ជាមួយស្ត្រីរងគ្រោះកន្លងមក។ ក្រោយចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

អត្ថបទ៖ប៉ោយប៉ែត

Share.