ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង បានវាយកីឡាកររុស្ស៊ី Firdavszhov Naiimov ឱ្យរាប់ចំនួនពីរលើកក្នុងទឹកទី១រហូតលោកអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការ ប្រកួតត្រឹមពាក់កណ្តាលទឹក១ ក្នុងការប្រកួតកីឡាប្រដាល់ THAI FIGHT ឃុនរ៉ាក់ប៉ៈធុម កាលពីយប់ថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសថៃ។

កីឡាករគុនខ្មែរវ័យ៣០ឆ្នាំ ព្រំ សំណាង មានកម្ពស់ ១,៨៣ម៉ែត្រ ទម្ងន់៧៥គីឡូក្រាម ធ្លាប់ប្រកួតចំនួន ១២០ដង ឈ្នះចំនួន១១៥ដង ចាញ់ចំនួន០២ដងគត់ និងស្ទើរចំនួន០៣ដង។

លើសពីនេះ លោក ព្រំ សំណាង បានបង្កើតប្រវត្តិសាស្ត្រឱ្យខ្លួនឯង ដោយ១០ប្រកួតចុងក្រោយ រូបលោកមិនដែលស្គាល់ពាក្យថាចាញ់ ខណៈបានផ្តួលដៃគូឱ្យសន្លប់​រហូតដល់ទៅ៩ដងឯណោះ។

លោកក៏ត្រូវបានគេស្គាល់ថាជាអ្នកប្រ​ដា​ល់​​ចិត្ត​​ធំ មិនចេះ​ខ្លាច មិនចេះ​ញញើត ព្រមទាំង​ចូល​វាយ​មិនចេះ​បន្ធូរដៃ​ឱ្យដៃគូ​នោះឡើយ ខណ: ព្រំ សំណាង ក៏ត្រៀមបញ្ចេញសមត្ថភាព និងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ​ និងក្នុងនាម​ជា​អត្តពលិក​តំ​ណាងឱ្យ​កម្ពុជា​ម្នាក់ផងដែរ។

កីឡាករជើងខ្លាំងទម្ងន់ធ្ងន់រូបនេះ បានលើកឡើងថាខ្លួនពិតជារំភើប សម្រាប់ការចុចឈ្មោះឲ្យចូលជម្រើសជាតិ ដើម្បីត្រៀមវាយនៅស៊ីហ្គេម ក្នុងទម្ងន់៨១គីឡូក្រាម ហើយរូបលោកបានចាត់ទុកថានេះក៏ជាឱកាសដ៏មានតម្លៃដើម្បីកសាងស្នាដៃជូនជាតិផងដែរ។

គួរដឹងថាកាលពីថ្ងៃទី៥ ខែកុម្ភៈ កីឡាករ ព្រំ សំណាង វាយឱ្យកីឡាករមកពីអង់គ្លេស ថូម៉ាស់ ខាផែនថឺ សន្លប់ក្នុងទឹកទី១ ខណ: ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ សំណាង បន្តផ្តួលកីឡាករ រុស្ស៊ី Firdaszhov សន្លប់ក្នុទឹកទី១ ដូចគ្នា៕

Share.