សិល្បៈជាតិ៖ នៅក្នុងវីដេអូខ្លីប្រមាណជា ២៣ វិនាទី បានបង្ហាញអំពីសកម្មភាពរបស់លោកបណ្ឌិត Cauchy Tan ដែលបាននិយាយរៀបរាប់អំពីមកុដនាងដែលមានក្នុងរបាំព្រះរាជទ្រព្យទម្រង់១០០ឆ្នាំ ទៅបង្អួតបង្ហាញលើឆាកអន្តរជាតិដែលផ្សាយចេញដោយទូរទស្សន៍ CCTV ប្រទេសចិន គឺពិតជាបានធ្វើអ្នកលេងបណ្ដាញសង្គមកម្ពុជាមានមនោទកភាពជាខ្លាំង។

នៅក្នុងវីដេអូនេះ លោកបណ្ឌិតបាននិយាយរៀបរាប់ថា ៖ «សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ ឈិន តឺលីង ខ្ញុំមកពីប្រទេសកម្ពុជា។ នៅក្នុងថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី ហើយខ្ញុំបាននាំយកនូវមកុដនាងនៃរបាំព្រះរាជទ្រព្យខ្មែរដែលធ្វើឡើងពីខ្មុកបិទក្បាច់រចនា ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្តកាដូរដែលខ្ញុំបាននាំមកបង្ហាញនេះ»។

គួរដឹងដែរថា នៅក្នុងរបាំព្រះរាជទ្រព្យ មានតួអង្គសំខាន់ៗចំនួន៤ ដូចជា តួនាង តួនាយរោង តួយក្ស និងតួស្វា។ តួអង្គនីមួយៗ សុទ្ធតែមានកាយវិការពិសេសខុសៗគ្នា។ សម្រាប់«តួនាង» ជាតួអង្គស្រី ដែលមានកាយវិការទន់ភ្លន់សម្រាប់គ្រប់តួអង្គទាំងអស់ ហើយភាគច្រើនសម្ដែងជាតួព្រះនាង និងទេពធីតា ។ ក្នុងចំណោមតួអង្គទាំង៤ គេសង្កេតឃើញថា តួនាង មិនមែនសម្ដែងតែតួអង្គព្រះនាង និងទេពធីតាប៉ុណ្ណោះទេ តែក៏មាននាងបក្សី ដែលគេឱ្យឈ្មោះថា កិន្នរ  និងតួនាងមច្ឆាផងដែរ។ ផ្នែកក្បាលនៃតួនេះ ច្រើនគ្រងម្កុដអប្សរា ម្កុដរ័ត្នក្លៅ ម្កុដកំពូលស្រួច ក្បាំង ជុកក្រាស់ញ័រ ឬធ្វើសក់ដាក់ផ្កា ។

ដោយឡែក ក្រៅការបង្ហាញពីអំពីទម្រង់សិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិដែលមានមនុស្សរាប់ពាន់នាក់បានទស្សនាហើយនោះ លោក Cauchy Tan ក៏បានបង្ហាញសមត្ថភាពច្រៀងហ៊ីដែលជាសិល្បៈល្ខោនបុរាណមួយដ៏មានវ័យចំណាស់របស់ប្រទេសចិន ជាភាសាកុកងឺយ៉ាងពីរោះរណ្ដំថែមទៀត។ លោកពិតជាបានធ្វើឱ្យអន្តរជាតិមើលឃើញថា កូនខ្មែរពិតជាពូកែ និងមានសមត្ថភាពមិនធម្មតាគួរឱ្យស្ញប់ស្ញែងពិតមែន៕

Share.