សិល្បៈជាតិ៖ បន្ទាប់ពីការចេញផ្សាយស្ដីអំពីអណ្ដើក​ថ្មភក់​ ១​ ក្បាល​ នៅ​ប្រាសាទ​បាយ័ន​ ​ត្រូវបាន​ប្រគល់​និងនាំ​​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ព្រះនរោត្តមសីហនុ​-អង្គរ​ នាថ្ងៃទី ២២ មេសា កន្លងមកនេះ មហាជនជាច្រើន និងអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានក្ដីបារម្ភហើយឈឺឆ្អាលថា បើតាមផ្នែកជំនឿ តើការគាស់​យក​អណ្ដើកសីមាថ្មភក់​១​ ក្បាលចេញពីជ្រុងនៃប្រាសាទនោះអាចនឹងប៉ះពាល់ដល់ដួងព្រលឹងដូនតាថែរក្សារាប់ពាន់ឆ្នាំ ឬអាចរងបណ្តាសារថ្មក៏ថាបាន ឬុក៏យ៉ាងណា?

តាមការបង្ហោះគំនិតជាការពិចារណាមួយរបស់ហ្វេសប៊ុកផេក ព្រះគុណម៉ែពុក បានចែករំលែកឱ្យអ្នកលេងបណ្ដាញសង្គមក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគិតគូពិចារណាទៅលើផ្នែកជំនឿ ដែលបង្ហោះនោះមិនមែនប្រឆាំងចំពោះកិច្ចមន្ត្រីជំនាញយ៉ាងដូច្នោះ៖

«គំនិតពិចារណា៖ ពេលសាងសង់ប្រាសាទ បារាយណ៍ ស្រះ សិន្ធុ តែងមានកិច្ចពិធីសាសនា(ប្រុងពលី)ដោយបញ្ចុះវត្ថុសក្ការៈព្រលឹងមានអណ្តើកទេព ត្បូង ជាមួយមន្តអថ័នដោយព្រះរាជគ្រូព្រាហ្មណ៍ ភ្ជាប់ដោយសេចក្តីអធិដ្ឋានរបស់ព្រះរាជា។ សម័យក្រោយមកក៏ធ្វើកំណាយឃើញវត្ថុបញ្ចុះដែលសព្វថ្ងៃយើងហៅថាបឋមសិលា ហើយដកហូតយកទៅដាក់ទីតាំងផ្សេងដើម្បីរក្សាកុំឱ្យបាត់បង់ដានប្រវត្តិសាស្ត្រ ឬ ទុកសិក្សាស្រាវជ្រាវ ដាក់តាំងបង្ហាញនៅសារមន្ទីរជាដើម។ បើទោះជាចម្លងធ្វើថ្មីយកទៅដាក់ទីតាំងដើម ដោយមានលោកតាអាចារ្យសម័យថ្មីក៏មិនត្រឹមត្រូវដែរ ព្រោះអ្នកសម័យថ្មីមិនដឹងពីធាតុផ្សំនិងមន្តវិជ្ជាវេទទេ ហើយវាប្រាសចាកពីបំណងម្ចាស់ដើម។ កត្តានេះតើមន្ត្រីជំនាញគួរគិតពិចារណាបែបណាក្នុងន័យថែរក្សា និងគោរពដល់បុព្វបំណងដូនតា កុំឱ្យប៉ះពាល់ដល់បណ្តាសារថ្ម? (ការលើកឡើងនេះជាក្តីបារម្ភរបស់មហាជនអំពីផ្នែកជំនឿ មិនមែនប្រឆាំងដល់កិច្ចការមន្ត្រីជំនាញនោះទេ ខុសឆ្គងយ៉ាងណាសូមមេត្តាខន្តីអភ័យទោស)»

ភ្ជាប់ជាមួយការលើកឡើងខាងនេះ គឺគ្រាន់តែជាមតិយោបល់ក្នុងន័យដែលគួរពិចារណា និងជាការឈឺឆ្អាលរបស់ប្រជាពលរដ្ឋបានជូនដល់មន្ត្រីពាក់ព័ន្ធពិចារណាតែប៉ុណ្ណោះ ពុះមានសេចក្ដីញុះញង់ណាមួយបង្កឱ្យមានភាពអសកម្មចំពោះការធ្វើការលើជំនាញរបស់មន្ត្រី ឬអជ្ញាធរក្នុងការថែរក្សាមរតកបេតិកភណ្ឌជាតិណាមួយឡើយ។ ចុះប្រិយមិត្តទាំងអស់គ្នាវិញយល់យ៉ាងណាចំពោះបញ្ហាមួយនេះ?

Share.