លោក​ ​ទ្រី​ សក្កដា ឬ​ អាដា​ សក្កដា ​(Ah Da Sakada) ឈ្មោះ​នេះ​​ប្រាកដ​ជា​មាន​អ្នក​គាំទ្រ​បទ​ចម្រៀង​ Original ស្គាល់​ច្រើន​ ព្រោះ​​បទ​ចម្រៀងរបស់​លោក​បាន​បំរើ​​អារម្មណ៍​អ្នក​ស្ដាប់​មាន​ទាំង​បទ​ចម្រៀង​ មនោសញ្ចេតនា​ បទញាក់​​បែប​សប្បាយ​ៗ​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​​តារា​ចម្រៀង​រូប​នេះ​​បាន​បាត់​​ស្ងាត់​មុខ​ចេញ​ពី​សិល្បៈ​។ ថ្មីៗ​នេះ​ អាដា សក្កដា ​បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​ក្នុង​សិល្បៈ​ឡើង​វិញ​ ជា​មួយ​គោល​បំណង​កាន់​តែ​ធំ​ ដែល​សាមី​ខ្លួន​បាន​​លើក​ឡើង​ថា​ អ្នក​គាំទ្រ​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ និង​ ស្រែក​ វ៉ាវ​ គ្រប់​ៗ​គ្នា​។​​

មាន​ឱកាស​បាន​ជួប​សម្ភាសន៍​ជាមួយ​នឹង​បុរស​ដែល​មាន​ទឹក​ចិត្ត​ស្រលាញ់​វិស័យ​សិល្បៈ​យ៉ាង​ធំធេង លោក​បាន​បញ្ជាក់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​លោក​ស្ងាត់​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ថា៖

«ជីវិត​ខ្ញុំ​មួយ​រយៈ​មុន​គឺ​ស្ទើ​អាច​នឹង​និយាយ​បាន​ថា​ធ្លាក់​ដល់​លេខ​ ០ ប្អូន​ប្រុស​បង្កើត​មាន​ជំងឺ​ធ្ងន់​ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​ ដែល​តម្រូវ​ឱ្យ​លក់​កេរ្តិ៍​អាករ​មួយ​ចំនួន​ ព្រោះ​ត្រូវចំណាយ​ប្រាក់ច្រើន​​ ព្រម​ទាំងចំណាយ​​ពេលវេលា​ដើម្បី​ទៅ​មើល​ថែ​ប្អូន​ដែល​សំរាក​​នៅមន្ទីរពេទ្យ​​ក្រៅ​ស្រុក​​​ទៀត​។ ក្រៅ​ពី​វិបត្តិ​ក្នុង​គ្រួសារ​ហើយ​នោះ​ ឆាណែល​ របស់​ខ្ញុំ​ដែល​ខំបង្កើត​ដោយ​ញើស​ឈាម​ត្រូវ​បាត់​បង់​ដោយ​សារ​តែ​បញ្ហា​ការ​លួចចម្លង​​កម្មសិទ្ធ​បញ្ញា​ សូម្បី​តែ​គណនី​ហ្វេសប៊ុក​ដែល​ខ្ញុំ​ប្រើ​ក៏​មិន​អាច​ចូល​​ប្រើ​ការ​។ និយាយ​រួម​មួយ​រយៈ​មុន​នេះ​ជីវិត​ខ្ញុំ​រងសម្ពាធ​យ៉ាង​ខ្លាំង​ បរាជ័យ​សព្វគ្រប់​បែប​យ៉ាង ​ទាំង​បញ្ហា​គ្រួសារ​និង​បញ្ហាផ្ទាល់​ខ្លួន​ ប៉ុន្តែ​អរគុណ​ដល់​ការ​ស្រលាញ់ ​​ការ​បារម្ភ​​ និង​ ការ​យកចិត្ត​ទុក​ដាក់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ធ្វើ​ឱ្យ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​វិញបាន​​។ ខ្ញុំ​មក​ម្ដង​នេះ​ ខ្ញុំ​មា​ន​ផែនការ​ធំៗ​ជា​ច្រើន​ ជាពិសេស​ខ្ញុំ​មាន​ Project ដ៏​ធំ​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​មហាជន​ភ្ញាក់​ផ្អើល​។​»

យ៉ាង​ណាមិញ​ផែនការ​ធំ​ ដែល​​លោក​ Ah Da Sakada បាន​បង្ហើប​នោះគឺ​ជា​ Project ​ធ្វើ​ឱ្យ​ មន្ទីពេទ្យ​កុមារ​អង្គរ ប៉ុន្តែ​ចំពោះ​ការ​ងារ​ពិស្ដារ​​ លោក​សុំ​លាក់​សិន​ព្រោះ​ស្ថិត​ក្នុង​ដំណាក់​កាល​រៀបចំ​ ប៉ុន្តែ​លោក​ហ៊ាន​អះអាង​ថា​ប្រាកដ​ជា​ប្លែក​ និង​ ពិសេសសម្រាប់​ចំណី​ចក្ខុ​អ្នក​ទស្សនា​​ជាក់​ជា​មិន​ខាន​។

លោក​ Ah Da Sakada ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​លោក​និង​មិត្ត​ភក្ដិ​ បាន​សហការ​គ្នា​​បង្កើត​ជា​ ផេក​ហ្វេសប៊ុក​​ និង​ ឆាណែល​យូធូប ដែល​មាន​ឈ្មោះ​​ថា​ Somleng Records ដែល​នឹង​ផ្ដោត​លើ​សកម្មភាព​​ផលិត​បទ​ចម្រៀង​ Original ​ស្នាដៃ​បង្កើត​​​ថ្មី​មិន​ចម្លង​គេ ​ដោយ​ការ​បង្កើត​នេះ​ ក្នុង​គោល​បំណង​​ចូលរួម​អភិវឌ្ឍ​វិស័យ​សិល្បៈ​កម្ពុជា​។ តារាចម្រៀង​និង​ជា​អ្នក​និពន្ធ​​ទំនុក​ភ្លេង​​មាន​ស្នាដៃ​ល្បី​ជា​ច្រើន​រូប​នេះ​ ទទួល​ស្គាល់​ថា​៖

«លោក​មិន​រាង​ចាល​ឡើយ​ទោះ​ជា​ធ្លាប់​ត្រូវ​គេ​ Report បទ​ចម្រៀង​របស់​លោក​ផលិត​ខ្លួន​ឯង​​ពីស​ំណាក់​ជន​ខិលខូច​មួយ​ចំនួន​ ដែលបណ្ដាល​ឱ្យ​ខូច​ Channel Youtube បាត់​ Page នោះ ព្រោះ​តែ​ការ​ស្រលាញ់​របស់​​លោក​ចំពោះ​សិល្បៈ​ ដូច្នេះ​ទោះ​ជា​លោក​ចំណាយ​ប្រាក់​ពី​ហោប៉ៅ​ខ្លួន​ក៏​លោក​មិន​ស្ដាយ​ស្រណោះ​ដែរ ​ដោយ​សារ​​តែ​ក្នុង​បេះដូង​លោក​មាន​តែ​សិល្បៈ​​ពេញ​ប្រៀប​។​»

សម្រាប់​អ្នក​គាំទ្រ​កុំ​ភ្លេច​​រង់​ចាំ​តាម​ដាន​​ និង ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​លោក​ អាដា សក្កដា តាម​រយៈ​ការ​គាំទ្រ​ស្នាដៃ​ថ្មី​ៗរបស់​លោក​ ​នៅ​លើ​ Channel youtube និង​ Facebook page ដើម្បី​ជា​កម្លាំង​ជំរុញ​ឱ្យ​លោក​មាន​កម្លាំង​ផលិត​ និង​ ចូលរួម​អភិវឌ្ឍ​វិស័យ​សិល្បៈ​ខ្មែរ ​ឱ្យ​បោះជំហាន​ទៅ​មុខ​កាន់​តែ​លឿន​​ ​និង​មាន​ស្ដង់ដារ​​ខ្ពស់៕

Telegram-Troryorng
Share.