ភ្នំពេញ៖មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង រាយការណ៍ទៅសមត្ថកិច្ច ចេញរថយន្ដពន្លត់ជាច្រើនគ្រឿងទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០%។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ១៣៤ នៅចំណុចផ្ទះលេខ៦០E2 ភូមិ៥ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា ដំបូងឡើយខ្លួនកំពុងសម្រាកក្នុងផ្ទះជាន់ទី២សុខៗ ស្រាប់តែឆ្លងចរន្ដអគ្គិសនីទុស្សេខ្សែភ្លើងបង្កអគ្គិភ័យឆាបឆេះឡើងរួចបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០%។
សមត្ថកិច្ចការិយាល័យបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ ដែលចូលរួមប្រតិបត្តិការបាញ់ពន្លត់បានអោយដឹងថា ហេតុការណ៍ អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ក្នុងនោះបានភ្លើង ឆាបឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង ។ផ្ទះដែលត្រូវភ្លើងឆាបឆេះនេះ សង់អំពីថ្ម ទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ ។យ៉ាងណាក៏ដោយ ដោយសារកិច្ចអន្តរាគមន៍បានទាន់ពេលវេលា អគ្គិភ័យនោះមិនបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរនោះឡេីយ។

នៅវេលាម៉ោង ៨និង១០ នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៨គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤ឡាន ស្មើនឹង ១៦ ម៉ែត្រគូប , រថយន្តរបស់សាលាខណ្ឌ៧មករា ចំ នួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីនឹង ៤ម៉ែត្រគូប និងរថយន្តរបស់ផ្សារទំនេីបអូឡាំព្យា ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីនឹង ០៨ម៉ែត្រគូប។
ក្នុងហេតុការអគ្គិភ័យនេះមិនបានបង្កឲ្យមានអ្នកស្លាប់ឬក៏រងរបួសនោះឡើយ៕
អត្ថបទ៖ត្រយងតូច