កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានប្រកាសពីការប្រមូលផ្តុំហ្វឹកហាត់ជាលើកដំបូង សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនានេះ ដើម្បីត្រៀមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

លោក Philippe Troussier កាលពីពេលថ្មីៗនេះបានសម្រាប់ចុះកិច្ចសន្យារយៈពេល៣ឆ្នាំកាន់តួនាទីជាគ្រូជម្រើសជាតិក្រុមធំផង និងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំផង។ ក្រោយប្រកាសជាផ្លូវការមិនបានប៉ុន្មានផង លោកបានកោះហៅកីឡាករចំនួន ៤១នាក់ ឱ្យចាប់ផ្តើមដំណាក់កាលជម្រុះកីឡាករ។

គ្រូបង្វឹកថ្មីសញ្ជាតិបារាំង រូបនេះធ្លាប់ដឹកនាំ ក្រុមU19 វៀតណាម កាលពី២ឆ្នាំមុន ជាហេតុធ្វើឲ្យលោកលោក មានភាពច្បាស់លាស់ក្នុងការជ្រើសរើសកីឡាករ សម្រាប់ការប្រមូលផ្តុំក្រុមU22 វៀតណាមឡើយ ដែលរួមមានកីឡាករវ័យក្មេង

តាមផែនការ ដំណើរការហ្វឹកហាត់របស់ក្រុមU22 វៀតណាម ក្នុងខែមីនា ឆ្នាំ២០២៣ នឹងចែកចេញជា៤ដំណាក់កាល។ ក្នុងរយៈពេលនេះ ចំនួននៃសមាជិក U22 វៀតណាម នឹងត្រូវកាត់បន្ថយពី ៤១នាក់ មកនៅត្រឹម ៣២នាក់ ហើយគ្រូបង្វឹកថ្មី ក៏នឹងចាប់ផ្តើមបញ្ចូលទម្រង់លេងចំពោះក្រុម និងបន្តវាយតម្លៃកម្លាំងសម្រាប់ដំណាក់កាលបន្ត។

ខណ:កីឡាករដែលគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះ មានដូចជា៖ អ្នកចាំទី Quan Van Chuan ខ្សែការពារ Vu Tien Long, Tran Xuan Thinh, Phan Tuan Tai, Luong Duy Cuong, ខ្សែបម្រើ Le Van Do, Huynh Cong Den ខ្សែប្រយុទ្ធ Nguyen Van Tung ជាដើម។ ក្រៅពីនេះ កីឡាករមុខថ្មីជាច្រើនក៏ត្រូវបានផ្តល់ឱកាស និងត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រជែងដើម្បីស្វែងរកកៅអីផ្លូវការ ក្នុងក្រុមU22 វៀតណាម។

វៀតណាម គឺជាក្រុមការពារមេដាយមាស ដែលគេបានឈ្នះ ២សម័យកាលជាប់ៗគ្នាលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកធ្វើ ឆ្នាំ២០២២) នៅលើទឹកដីរបស់ខ្លួន។ ខណ:ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.