បាត់ដំបង÷ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនយុវជនសិស្សសាលា ២នាក់បញ្ជូនទៅកាន់តុលាការពាក់ព័ន្ធករណី លួចដុតរថយន្តប្តីប្រពន្ធជាគ្រូបង្រៀនក្នុងវិទ្យាល័យកំរៀង។

លោក វរ សេនីយ៍ទោ វេ គឹម ចត់ អធិការនគរបាលស្រុកកំរៀងបានប្រាប់ឲ្យដឹងថា÷ ក្រោយការស្រាវជ្រាវលើសុំរឿងលួចដុតរថយន្តសេរីទំនើបមួយគ្រឿងកាលពីចុងសប្តាហ៍កន្លងមកនេះ កម្លាំងផ្នែកជំនាញបានអនុវត្តវិធានការស៊ើបអង្កេតកំណត់មុខសញ្ញា និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធចំនួន ២នាក់មកសាកសួរ។ មុខសញ្ញាខាងលើបានឆ្លើយសារភាពថាខ្លួនពិតបានលួចដុតរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែទោះបីជាយ៉ាងណាជនបង្កទាំង ២នាក់នៅតែរឹងរុះមិនព្រមបញ្ជាក់ពីមូលហេតុនៃការដុតបំផ្លាញរថយន្តនេះឡើយ។

ជនសង្ស័យមានឈ្មោះពុយ សំភព ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស និងម្នាក់ទៀតឈ្មោះមាន រក្សា ភេទប្រុស អាយុ ១៦ឆ្នាំ ជាកសិកររស់នៅក្នុងភូមិតាំងយូរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ចំណែកឯជនរងគ្រោះឈ្មោះឆោម ឆវ័ន្ដ ភេទប្រុស អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ឃូយ សោភ័ណ អាយុ ៣០ រស់នៅចំណុចទីប្រជុំជនក្នុងក្រុមទី ២ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀងជាមួយគ្នា ទាំង ២នាក់ជាគ្រូបង្រៀននៅក្នុងវិទ្យាល័យកំរៀង។ ដោយឡែកចំពោះរថយន្តដែលរងការបំផ្លាញម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង ២B-៩២២៤ ប៉ះពាល់ខូចខាតទាំងស្រុង។

មន្ត្រីសមត្ថកិច្ចដដែលបានបន្ថែមថា÷ ជនសង្ស័យទាំង ២នាក់ត្រូវបានកម្លាំងជំនាញបញ្ចប់ការកសាងសំណុំរឿង និងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២៣ ដើម្បីមានវិធានការតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.