អភិបាលទីក្រុង ហុងកុង លោក John Lee បានប្រកាសថា ហុងកុងនឹងលុបចោលកាតព្វកិច្ចពាក់ម៉ាស់ នៅដើមខែមីនា នៅក្នុងការផ្លាស់ប្ដូរមួយដើម្បីទាក់ទាញភ្ញៀវទេសចរ និង អាជីវកម្ម រួមទាំងស្ដារជីវិតរស់នៅធម្មតាឡើងវិញ ក្រោយអនុវត្តតាមវិធានការដ៏តឹងរ៉ឹង ដែលបានដាក់ចេញជាលើកដំបូងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុកាលពី ៣ឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ អង្គារ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣។

លោក Lee បានប្រាប់សន្និសីទសារព័ត៌មានមួយថា វិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃ ពុធ ទី ០១ ខែ ​មីនា តទៅ។ តំបន់រដ្ឋបាលពិសេសនៃទីក្រុង ហុងកុង គឺជាកន្លែងចុងក្រោយមួយនៅទូទាំងពិភពលោកដែលនៅតែកំណត់កាតព្វកិច្ចពាក់ម៉ាស់ ទោះបីជាបណ្ដាប្រទេសមួយចំនួនបានដកវិធានការពាក់ម៉ាស់តាមទីសាធារណៈក៏ដោយ។

លោក Lee បន្ដថា «យើងគិតថានេះគឺជាពេលវេលាដ៏សមរម្យបំផុត ដើម្បីធ្វើការសម្រេចចិត្តបែបនេះ។ វាគឺជាសារបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទីក្រុងហុងកុង កំពុងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ»។

លោកបាននិយាយថា នៅកន្លែងដែលមានហានិភ័យខ្ពស់ដូចជា មន្ទីរពេទ្យ អ្នកគ្រប់គ្រងអាចសម្រេចចិត្តថា គួរឬមិនគួរតម្រូវឲ្យពាក់ម៉ាស់ សម្រាប់បុគ្គលិក និងអ្នកដែលចូលទៅកាន់កន្លែងទាំងនោះឬអត់។

ការផ្លាស់ប្ដូរកាតព្វកិច្ចពាក់ម៉ាស់របស់ទីក្រុងហុងកុង បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់ខ្លួនក្នុងខែនេះ បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយមួយដែលមានឈ្មោះថា «Hello Hong Kong» ដើម្បីទាក់ទាញភ្ញៀវទេសចរ និង អាជីវកម្មត្រឡប់មកប្រទេសចិនវិញ។

សូមជម្រាបថា  ទីក្រុងហុងកុង និង ទីក្រុងម៉ាកាវ សុទ្ធតែបានអនុវត្តគោលនយោបាយសូន្យកូវីដ ដូចទៅនឹងប្រទេសចិនដែរ សម្រាប់រយៈពេល៣ឆ្នាំកន្លងមកនេះ។ ទីក្រុងហុងកុង បានចាប់ផ្តើមបន្ធូរបន្ថយវិធានការតឹងរ៉ឹងរបស់ខ្លួនបណ្តើរៗកាលពីឆ្នាំមុន ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាស ត្រូវបានអនុវត្តជាប់ចាប់តាំងពីឆ្នាំ២០២០រហូតមក។​ រីឯទីក្រុងម៉ាកាវបានប្រកាសកាលពីថ្ងៃទី២៦​ ខែកុម្ភៈ ថាខ្លួននឹងលុបចោលវិធានការពាក់ម៉ាសពាក់ព័ន្ធកូវីដ១៩ សម្រាប់នៅតាមទីកន្លែងភាគច្រើន លើកលែងតែតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ និង ទីតាំងមួយចំនួនតូចផ្សេងទៀត។ ចំណែកនៅចិនដីគោកឯណោះវិញ ប្រជាជនគឺមិនតម្រូវឲ្យពាក់ម៉ាស ពេលចេញដើរហើរនៅខាងក្រៅឡើយ ប៉ុន្តែអាជ្ញាធរលើកទឹកចិត្តឲ្យពួកគេធ្វើយ៉ាងដូច្នោះ នៅតាមកន្លែងទីសាធារណៈ​ដែលបិទជិត ដូចជាព្រលានយន្តហោះ និង ស្ថានីយរថភ្លើងជាដើម៕

ប្រភព៖ Reuters

Share.