ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា មនុស្សចំនួន ២៦នាក់ បានស្លាប់ និង ៨៥នាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើង ២គ្រឿង បានបុកគ្នាពេញទំហឹងកាលពីល្ងាចថ្ងៃ អង្គារ (ម៉ោងក្នុងស្រុក) នៅប្រទេសក្រិក ខណៈមូលហេតុនៃការបុកគ្នានេះនៅមិនទាន់ដឹងច្បាស់នៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០១ ខែ មីនា ឆ្នាំ ២០២៣។

អភិបាលតំបន់ Thessaly លោក Konstantinos Agorastos បាននិយាយថា រថភ្លើងដឹកអ្នកដំណើរ ធ្វើដំណើរចេញពីទីក្រុង Thessaloniki ភាគខាងជើង បានបុកជាមួយនឹងរថភ្លើងដឹកទំនិញចេញពីទីក្រុង Thessaloniki ទៅទីក្រុង Larissa បានបុកគ្នានៅខាងក្រៅទីក្រុង Larissa នៅកណ្ដាលប្រទេសក្រិក។

លោក Agorastos បាននិយាយប្រាប់ទូរទស្សន៍ SKAI ថា ទូរថភ្លើងដឹកអ្នកដំណើរ ១ក្នុងចំណោមទូទាំង៤ បានក្រឡាប់ ក្រោយមកទូរថភ្លើងចំនួន២ បានឆេះក្រោយប៉ះទង្គិចគ្នា។

លោកបន្ថែមថា អ្នកដំណើរប្រហែល ២៥០នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពទៅកាន់ទីក្រុង Thessaloniki ។

អ្នកដំណើរម្នាក់បានប្រាប់ទូរទស្សន៍រដ្ឋ ERT ថា «គាត់បានរត់គេចខ្លួន បន្ទាប់ពីបានបំបែកកញ្ចក់បង្អួចរថភ្លើងជាមួយនឹងវ៉ាលីរបស់គាត់»។ អ្នកដំណើរម្នាក់ទៀតបន្ថែមថា «មានការភ័យស្លន់ស្លោនៅក្នុងទូរថភ្លើង ហើយមនុស្សម្នានាំគ្នាស្រែកឆោលោ ដែលវាដូចជាការរញ្ជួយដី»។

អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យ លោក Vassilis Varthakingiannis បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា «ការជម្លៀសអ្នកដំណើរកំពុងដំណើរការក្នុងស្ថានភាពដ៏លំបាក ដោយសារតែរថភ្លើងទាំង២ បុកគ្នាសាហាវពេក»។

ជាមួយគ្នានោះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សប្រហែល ៣៥០នាក់ កំពុងធ្វើដំណើរលើរថភ្លើងដឹកអ្នកដំណើរ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យប្រហែល ១៥០នាក់ រថយន្ដសង្រ្គោះ ៤០គ្រឿង និង ប៉ូលីសរាប់សិបនាក់កំពុងស្ថិតនៅកន្លែងកើតហេតុ៕

ប្រភព៖ CNA

Share.