ពានរង្វាន់បាល់ទាត់មហាជន ប្រចាំស្រុកល្វាឯមប្រចាំឆ្នាំ២០២៣ បានរៀបចំចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅក្រោមត្រួត​ពិនិត្យ​និង​ធ្វើ​ជា​សក្ខីភាព​ពី​សំណាក់​លោកបណ្ឌិត កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម ខេត្ត​កណ្តាល។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​បញ្ជាក់​ថា សម្រាប់ការប្រកួតពានរង្វាន់មហាជនប្រចាំឆ្នាំ២០២៣ នេះមានក្រុមចូលរួមចំនួន ១៦ក្រុម មកពីជុំវិញឃុំទាំង១៥ រួមទាំង វិទ្យាល័យទាំង២ នៃស្រុកល្វាឯម ដោយបានបែងចែងជា ៤ពូល ក្នុង១ពូល មានចំនួន៤ក្រុម។

ឆ្លងកាត់​ការ​​ចាប់ឆ្នោត​បែងចែកពូល​ឃើញ​ថា
ពូលA យុវជនអធិរាជជ្រោយពិសី, យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង, យុវជនឃុំកោះរះ និងយុវជនឃុំសារិកាកែវ
ពូលB យុវជនល្ខោនខោលវត្តស្វាយ, យុវជនឃុំថ្មគរ, យុវជនឃុំភូមិធំ និងយុវជនឃុំកោះកែវ
ពូលC យុវជនឃុំពានឧកញ៉ាអុង, យុវជនឃុំព្រែកឬស្សី, យុវជនឃុំព្រែករៃ និង​យុវជនឃុំសំបួរ។
ពូលD យុវជនឃុំល្វាសរ, យុវជនឃុំអរិយក្សត្រ, យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និង​យុវជនឃុំបឹងគ្រំ

ការប្រកួតពានរង្វាន់បាល់ទាត់មហាជនស្រុកល្វាឯម ឆ្នាំ២០២៣ នេះនឹងធ្វើការប្រកួតជម្រុះទាំង ១៦ក្រុមនៃពូលនីមួយៗ ដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ នៅទីលានវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ដែលស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ ពានរង្វាន់​នេះ​ដែរ​នឹង​រៀបចំ​ក្រោយ​ពេល​ពានរង្វាន់​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​បញ្ចប់​ទៅ។

គួរំលឹកថា ក្រុមយុវជនអធិរាជជ្រោយពិសី គឺជាក្រុមដែលបានគ្រងជើងឯក នៃពានរង្វានបាល់ទាត់មហាជន ស្រុកល្វាឯមកាលពីឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ដោយលទ្ធផល ៤-១ ធ្វើឲ្យអធិរាជជ្រោយពិសីគ្រងជើងឯកប្រចាំឆ្នាំ២០២២៕

Share.