ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ បាក់ភ្លៅ ជង្គង់ ដោយសារត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បន្ទាប់ពីជនរងគ្រោះ បើកម៉ូតូរុឺម៉កវិលមកពីរើសអេតចាយវិញ ត្រូវបានមនុស្សមួយក្រុម មានឯកសណ្ឋានជានគរបាល ជាសុីវិល ជាច្រើននាក់ ជិះម៉ូតូ និងរថយន្ត ដេញតាម រហូតដល់ផ្ទះប្រតាយប្រតប់គ្នាឈានដល់ផ្ទុះអាវុធជាច្រើនគ្រាប់ ត្រូវចំជនរងគ្រោះ ហើយក្រុមទាំងនោះមិនទទួលខុសត្រូវ នាំគ្នារត់គេចបាត់អស់ បង្កឲ្យផ្អើលអ្នកភូមិ សមត្ថកិច្ចមូលដ្ឋាន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ មុំ សុខមាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រើសអេតចាយ មានប្រពន្ធ និងកូនប្រុសស្រី២នាក់ រស់នៅកន្លែងកើតហេតុខាងលើ ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូរុឺម៉កមកពីរើសអេតចាយ ឆ្ពោះទៅផ្ទះ ស្រាប់តែមានមនុស្សមួយក្រុម មានស្លៀកពាក់ឯកសណ្ឋាននគរបាល មានស្លៀកពាក់ជាសុីវិល ជិះម៉ូតូ និងរថយន្តមួយគ្រឿង ដេញតាមរុឺម៉កជនរងគ្រោះ រហូតដល់ផ្ទះ សម្រុកចូលចាប់ជនរងគ្រោះ មិនដឹងថាមានរឿងអ្វី ពាក់ព័ន្ធអ្វី តែជនរងគ្រោះរើបម្រាស់ ទើបប្រតាយប្រតប់គ្នា ស្រាប់តែមានជនម្នាក់ ស្លៀកឯកសណ្ឋានជាសុីវិល ក្នុងក្រុមនោះ ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវចំជនរងគ្រោះ ចំនួន៣គ្រាប់ ភ្លៅស្តាំ២គ្រាប់ និងជង្គង់១គ្រាប់ រងរបួសធ្ងន់ធ្ងរ ។

គ្រាន់តែផ្ទុះអាវុធត្រូវចំជនរងគ្រោះដេកដួលនៅកន្លែង ភ្លាមៗនោះ ក្រុមប្រដាប់អាវុធទាំងនោះ នាំគ្នាជិះម៉ូតូ បើករថយន្តគេចទៅបាត់អស់រលីង ពុំនៅទទួលខុសត្រូវឡើយ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលសមត្ថកិច្ច បន្តស្រាវជ្រាវរកក្រុមខ្មាន់កាំភ្លើងដើម្បីមកទទួលខុសត្រូវនៅចំពោះមុខច្បាប់៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.