ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ដៃ ពីស្ត្រីម្នាក់បានសម្រេចហើយគេចខ្លួន អស់រយៈពេល៤ថ្ងៃ។សមត្ថកិច្ចប្រទះឃើញនិងឃាត់ខ្លួនជនសង្ស័យកាល ពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ នៅចំណុច ភ្លើង ស្តុប អូរឡាំពិក សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អោក ធីរ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៧៧ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះ ជាបណ្តឹងមានឈ្មោះ ឡុក គីមបូរមី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

តាមនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង២និង១៨នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យ ធ្វើសកម្មភាពឆក់ទូរស័ព្ទ I phone 13 pro max ពីជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ នៅចំណុចមុខផ្ទះ១៨៤ ផ្លូវ១៩ (ខាង ក្រោយសាលារចនា) ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូន ពេញ បានសម្រេចហើយ គេចខ្លួនបាត់ ។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ពិនិត្យឆែកមើលតាមរយៈកាមេរ៉ាសុវត្តិភាព ស្គាល់ ភិនភាគមុខសញ្ញា កម្លាំងបន្តស្រាវជ្រាវស្វែងរក រហូតដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ ប្រទះឃើញជនសង្ស័យត្រង់ចំណុចភ្លើងស្តុបអូរឡាំពិក ឃាត់ខ្លួនបានតែម្តង ។ សមត្ថកិច្ចដកហូតបានម៉ូតូម៉ាកឃ្លីក ពណ៌ស ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1HZ-1538 ដែលជនសង្ស័យជិះធ្វើសកម្មភាព , ទូរសព្ទ័ដៃម៉ាកRemi 5G ពណ៌ខៀវ១គ្រឿង ។

ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.