ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាលើទីតាំងតែមួយ រវាងរថយន្តPriusបើកបុកម៉ូតូច្រាសទិស សមត្ថកិច្ចមិនទាន់យកចេញផង ស្រាប់តែមានរថយន្តPriusមួយគ្រឿងផ្សេងទៀត បើកជ្រុលបុកពីក្រោយរថយន្តហាយឡែនឌ័រ បណ្តាលឲ្យរងខូចខាតដំណំ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ២ ក្បែរស្ពានអាកាសគួរស្រូវ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7915 បើកដោយស្ត្រីម្នាក់ ពីត្បូងទៅជើង បុកជាមួយម៉ូតូច្រាសទិស ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-0236 ជិះដោយបុរសម្នាក់ ហើយខណៈដែលយានទាំង២គ្រឿងកំពុងជួបបញ្ហា ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ កំពត 2B-5757 បើកពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ហ្វ្រាំងបង្អន់ល្បឿន ត្រូវបានរថយន្មួយគ្រឿងផ្សេងទៀត ម៉ាកPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-7159 បើកលឿនស្របទិស ហ្វ្រាំងអត់ទាន់ ជ្រុលបុកពីក្រោយរថយន្តហាយឡែនឌ័រ បណ្តាលឲ្យរងខូចខាតដំណំ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ជាអ្នកជិះម៉ូតូ របួសធ្ងន់ បាក់ជើងឆ្វេង ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកមធ្យោបាយទាំង២ករណី រថយន្ត៣គ្រឿង ម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.