មនុស្សជាង ២៧,០០០នាក់ ត្រូវបានជម្លៀសចេញពីរដ្ឋ Johor, Pahang, Negeri Sembilan និង Melaka នៅពេលដែលផ្ទះរបស់ពួកគេត្រូវបានវាយប្រហារដោយទឹកជំនន់ ព្រោះតែខ្យល់មូសុងឦសានបាននាំឲ្យភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ មីនា ឆ្នាំ ២០២៣។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ Bernama បានឲ្យដឹងថា រដ្ឋ Johor គឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដែលមានមនុស្សជាង ២៥,០០០នាក់ ជម្លៀសទៅមជ្ឈមណ្ឌលសង្រ្គោះនៅព្រឹកថ្ងៃ ព្រហស្បតិ៍ នេះ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយរដ្ឋ Johor បានឲ្យដឹងថា Segamat គឺជាស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេដែលមានគ្រួសារចំនួន ២,០៥០គ្រួសារ ត្រូវបានជម្លៀសទៅកាន់មណ្ឌលសង្រ្គោះចំនួន៥៥ បន្ទាប់មកពីស្រុក Kluang មាន ១,៥៥៩គ្រួសារ ជម្លៀសទៅកាន់មណ្ឌលសង្រ្គោះចំនួន៣៩ និង ស្រុកជាច្រើនទៀត ត្រូវបានជម្លៀសប្រជាជនចេញជាបន្ដបន្ទាប់។

សារព័ត៌មាន The Star បានរាយការណ៍ថា ស្រុកទាំង១០ ក្នុងទីក្រុង Johor បានរងគ្រោះដោយទឹកជំនន់ដោយមនុស្សជាង ២៥,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ដែលតួលេខជនរងគ្រោះបានកើនឡើង ៤ដង ក្នុងរយៈពេល ២០ម៉ោងចុងក្រោយនេះ។

ទន្ទឹមនោះប្រមុខរដ្ឋ Johor លោក Onn Hafiz Ghazi បាននិយាយថា កិច្ចប្រជុំបន្ទាន់មួយភ្នាក់ងារទាំងអស់ត្រូវបានធ្វើឡើងនៅយប់ថ្ងៃ ពុធ បន្ទាប់ពីស្ថានភាពទឹកជំនន់នៅក្នុងរដ្ឋកាន់តែធ្ងន់ធ្ងរជាងមុន។

យ៉ាងណាម៉ិញ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានព្យាករណ៍ថា ភ្លៀងនឹងបន្ដធ្លាក់មកលើតំបន់ជាច្រើននៃទីក្រុង Johor ចាប់ពីរសៀលថ្ងៃ ព្រហស្បតិ៍ ដល់យប់ថ្ងៃ សុក្រ។ ជាមួយគ្នា នាយកដ្ឋានលូ និង ប្រព័ន្ធធារាសាស្រ្ត (DID) បានឲ្យដឹងថា កម្រិតទឹកទន្លេចំនួន១៦ ក្នុងទីក្រុង Johor បានលើសកម្រិតប្រកាសអាសន្នហើយ គិតត្រឹមម៉ោង ១១ ថ្ងៃ ព្រហស្បតិ៍។

សូមជម្រាបថា កាលពី ៣ខែមុន រដ្ឋជាច្រើនរួមទាំង រដ្ឋ Johor បានរងការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយមនុស្សជាង ៧០,០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។ ទឹកជំនន់ គឺជាបាតុភូតគ្រោះធម្មជាតិប្រចាំឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារខ្យល់មូសុងឦសាននាំមកនូវភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីខែ វិច្ឆិកា ដល់ខែ មីនា៕

ប្រភព៖ CNA

Share.