មានសេចក្ដីរាយការណ៍មក ថាពលរដ្ឋដែលចូលទៅកាប់ឈើម្នាក់បានរងគ្រោះត្រូវគ្រាប់កាំភ្លើងរបស់មន្រ្តីបរិស្ថាន ចំណុះឲ្យមន្ទីរបរិស្ថានខេត្តកំពង់ធំ ខណៈពេលដែលជនរងគ្រោះម្នាក់នេះ កំពុងតែលួចចូលទៅកាប់និងអាឈើក្នុងដែនអភិរក្សព្រៃអង់តែន ស្ថិតនៅតំបន់ត្រពាំងឳឡឹក ស្រុកសន្ទុក ខេត្តកំពង់ធំ។

 ហេតុការណ៍នេះបានកើតឡើង ខណៈដែល មានពលរដ្ឋពីរនាក់បានចូលទៅអារឈើ ក្នុងព្រៃហាមឃាត់ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។ជនរងគ្រោះដែលរងរបួសចំត្រង់ភ្លៅខាងឆ្វេងនោះបន្ទាប់មកត្រូវបានបញ្ចូនទៅព្យាបាលរបួសនៅ គ្លីនិកឯកជនមួយ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានបានថ្លែងប្រាប់ភ្នាក់ងារត្រយងញូវស៍ថា ករណីបាញ់ទៅលើពលរដ្ឋ គឺជាសិទ្ធការពារខ្លួនរបស់សមត្ថកិច្ចខណៈដែលកន្លងមកមន្រ្តីបរិស្ថានធ្លាប់មានជនល្មើសកាប់ឲ្យរបួសម្តងរួចមកហើយ បណ្តាលឲ្យបែកក្បាល របួសធ្ងន់ ទើបខ្លាចក្រែងមានហេតុការណ៍ដូចមុនទើបបាញ់ការពារខ្លួន។

លោក តុប កក្តដា បន្ដថានៅថ្ងៃកើតហេតុមន្រ្តីបរិស្ថានប្រចាំការនៅស្នាក់ការចំនួន២នាក់ បន្ទាប់ពីលឺសូរ សំលេងអាឈើ មន្រ្តីម្នាក់បានចូលទៅក្នុងព្រៃដើម្បីពិនិត្យមើលស្ថានការណ៍ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពអារឈើខណៈនោះមន្រ្តីបរិស្ថាន បាន ប្រាប់ឲ្យជនសង្ស័យទាំង២នាក់ ទម្លាក់ម៉ាស៊ីនអាឈើចុះ តែអ្នកទាំងពីរពុំបានទម្លាក់ចុះនោះឡើយ បែរជាគ្រវីម៉ាស៊ីនតម្រង់មកមន្រ្តីបរិស្ថានខណៈនោះមន្រ្តីអភិរក្សបានបាញ់កំភ្លើងបង្អើល តែគ្រាប់បានផ្លាតទៅចំភ្លៅបណ្តាលឲ្យរបួសតែម្តង។

 លោកតុប កក្កដា ថាបើមានចេតនាបាញ់ សម្លាប់គឺស្លាប់បាត់ហើយ តែនេះគឺជាការការពារខ្លួន ប្រសើរជាងត្រូវគេកាត់និងម៉ាស៊ីនអាឈើ ព្រោះជាមុខសញ្ញាចាស់ធ្លាប់បង្ករហេតុម្តងមកហើយ គឺត្រូវការពារខ្លួនរួចចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ។

លោកឧត្តមសេនីយ៍ទោ  ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានឲ្យដឹងថាជនរងគ្រោះដែលត្រូវរបួសដោយសារគ្រាប់កំាភ្លើង មានឈ្មោះ ប៉ុន ផល្លា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសុភមង្គល  ឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។  ចំណែកមន្រ្តីបរិស្ថាន ដែលបានបាញ់ទៅលើជនរងគ្រោះ ដោយអះអាងថា ការពារខ្លួននោះ មានឈ្មោះចក់ សុជាតិ រស់ភូមិសរជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បន្ទាប់ពីមានការហេតុការណ៍ បាញ់ទៅពលរដ្ឋដែលចូលទៅកាប់ឈើនោះលោក ចក់ សុជាតិ-បាន ត្រឡប់មកផ្ទះ តែត្រូវបានកម្លាំងស្នងការនគរបាលខេត្តកំពង់ធំ នាំខ្លួនមកស្នងការខេត្ត   កសាងសំណុំរឿងតាមនីតិវិធីបន្ត៕

Share.