កណ្តាល ៖ រថយន្តកុងតឺន័រមួយគ្រឿងអូសសណ្តោងរុឺម៉កទូដឹកថ្នាំបាញ់មូស បើកល្បឿនលឿនរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតកំពុងចតឈប់ស្ងៀម បណ្តាលឲ្យក្រឡាប់ទាំង២គ្រឿងទៅលើរថយន្តតូយ៉ូតា មួយគ្រឿងផ្សេងទៀត បង្កជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ កាន់តែខ្លាំង ដោយសារក្នុងទូកុងតឺន័រផ្ទុកដោយកេសកំប៉ុងថ្នាំបាញ់មូស ឆាបដល់សំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន៥ផ្ទះ ផ្អើលប្រជាពលរដ្ឋផ្ទះក្បែរខាង ភ័យស្លន់ស្លោ សមត្ថកិច្ច បញ្ជូនរថយន្តអគ្គិភ័យចេញទៅជួយអន្តរាគមន៍ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កទៅជាអគ្គិភ័យខាងលើ កើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ចំណុចផ្សារគគី ភូមិគគី ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនកើតហេតុ មានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-3853 អូសសណ្តោងស៉ឺមីរ៉ឺម៉ក គ្មានស្លាកលេខ ដឹកទូផ្ទុកដោយថ្នាំបាញ់មូស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកពីកើតទៅលិច (អ្នកលឿង-ភ្នំពេញ) ល្បឿនលឿន លុះដល់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុកពីក្រោយ កុងតឺន័រមួយគ្រឿងទៀតកំពុងឈប់ចតស្ងៀម ស្របទិសគ្នាម៉ាក MITSUBISHI SUPER ពាក់ស្លាកលេខ ភ្នំពេញ 3E-9032 អូសសណ្តោងស៉ឺម៉រ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0744 អ្នកបើកបរមិនស្គាល់អត្តសញ្ណាណ បណ្តាលឲ្យរថយន្តទាំង២គ្រឿងក្រឡាប់ ទៅប៉ះលើរថយន្តមួយគ្រឿងផ្សេងទៀត កំពុងឈប់ចតស្ងៀមដែរនោះ ម៉ាក TOYOTA បណ្តាលឲ្យរថយន្តបង្កឆាបឆេះកាប៊ីន រាលដល់ទូកុងតឺន័រដែលផ្ទុកពេញដោយថ្នាំបាញ់មូស ឆេះរថយន្តទាំង៣គ្រឿងកាន់តែខ្លាំងឡើង យ៉ាងសន្ធោសនន្ធៅ ប៉ះដល់សំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន៥ផ្ទះទៀត ផ្អើលអស់ប្រជាពលរដ្ឋ ភ័យស្លន់ស្លោ កម្លាំងសមត្ថកិច្ច ក្រោមវត្តមានដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល រថយន្តពន្លត់អគ្គិភ័យ បញ្ជូនចេញទៅជួយអន្តរាគមន៍សរុបចំនួន១៥គ្រឿង ៖ ស្នងការរាជធានីភ្នំពេញចំនួន១២គ្រឿង រថយន្តអធិការដ្ឋានស្រុកកៀនស្វាយ១គ្រឿង រថយន្តបុរីប៉េង ហួត ចំនួន២គ្រឿង បាញ់ទឹកពន្លត់ភ្លើង អស់រយៈពេលជិត៣ម៉ោង ទើបភ្លើងរលត់ទៅវិញ នៅវេលាម៉ោង២និង៥០នាទីបន្ទាប់ តែមិនបង្កឲ្យអ្នកណារងរបួស អ្នកបើករបររថយន្តកុងតឺន័រទាំង២គ្រឿងគេចខ្លួនបាត់ ។

ករណីខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ អាជ្ញាធរ កំពុងស្រាវជ្រាវ ដើម្បីធ្វើកំណត់ហេតុ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.