ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ខណៈដែលកំពុងជិះម៉ូតូត្រូវបានម៉ូតូកង់បីបើកបុកពីក្រោយរុញផ្ទប់នឹងគោយន្តដឹកគ្រែចតឈប់ចិញ្ចើមផ្លូវ ហើយម៉ូតូកង់បីបើករត់គេចទៅបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្ទះល្វែងLV លើផ្លូវ១០៤ ស្ថិតនៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍មានឈ្មោះ វ៉ាត់ ចន្នី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបើកបររុឺម៉កដឹកទឹកកក មានទីលំនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-4108 ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បី មួយគ្រឿងបើកពីកើតទៅលិចល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូហុងដាឌ្រីមពីក្រោយ រុញផ្ទប់ទៅនឹង គោយន្តដឹកគ្រែ ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូភ្លាមៗនៅកន្លែង ម៉ូតូកង់បីបន្ថែមល្បឿនបើករត់គេចទៅបាត់ ចំណែកអ្នកបើកគោយន្ត ឃើញសភាពមិនស្រួលក៏គេចខ្លួនទៅបាត់ដែរ ទុកតែគោយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯគោយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.