កំពង់ធំ ៖ ក្មេងស្រីអាយុ៣ឆ្នាំបានស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្តាយរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តសណ្តោងទ្រុងបែនដឹកថ្ម បើកវ៉ាជែងឆ្លងផ្លូវទៅបុកជាមួយរថយន្តបែនដឹកដី ជ្រុលកិនម៉ូតូហុងដាឌ្រីម និងបន្តទៅបុករថយន្តបែនមួយគ្រឿងផ្សេងទៀត សរុបរថយន្ត៣គ្រឿងនិងម៉ូតូមួយគ្រឿងរងខូចខាត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3F-3594 សណ្តោងទ្រុងបែន ពាក់ស្លាកលេខ ភ្នំពេញ 4A-9171 ដឹកថ្ម បើកបរដោយឈ្មោះ សើរ សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកពីត្បូងទៅជើង ល្បឿនលឿន វ៉ាជែងហើយបត់ឆ្វេង ជ្រុលបុកជាមួយរថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ កំពង់ធំ 3A-4949 ដឹកដី បើកបរដោយឈ្មោះ តុង សុខម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបើកពីជើងទៅត្បូង ហើយជ្រុលកៀរកិនម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៨ ជិះ២នាក់ម្តាយកូន ចេញពីផ្លូវលំ បណ្តាលឲ្យស្លាប់កូន ម្តាយរងរបួសធ្ងន់ ហើយរថយន្តសណ្តោងទ្រុងបែន ជ្រុលកៀររថយន្តមួយគ្រឿងទៀតម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ សៀមរាប3A-1608 បើកបរដោយឈ្មោះ ម៉េង តុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ៩៩ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបើកពីត្បូងទៅជើង ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ បណ្តាលរថយន្ត៣គ្រឿង ម៉ូតូមួយគ្រឿងរងខូចខាត ស្លាប់ក្មេងស្រីម្នាក់ ម្តាយរងរបួសធ្ងន់ ដែលជាគាគីខាងម៉ូតូ ។

ជនរងគ្រោះ២នាក់ម្តាយកូន ឈ្មោះ សំ ចាន់សុវណ្ណា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់ ចំណែកកូនស្រីឈ្មោះ ណាង លីហ័រ អាយុ៣ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសាកសពក្មេងស្រីត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត៣គ្រឿងនិងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.