យោងតាមឯកសាររបស់ Fighting Sysetem / Martial Arts in Southeast Asia បានបញ្ជាក់ថានៅតំបន់អាស៊ានមានតែប្រទេស៣ប៉ុណ្ណោះ ដែលមានក្បាច់​គុន​បុរាណ​​ស្ថិតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​របស់​អង្កការ​យូណេស្កូ (UNESCO) នោះគឺ​ គុនល្បុក្កតោ របស់កម្ពុជា, សីលា​ម៉ាឡាយូ របស់ម៉ាឡេស៊ី និងបញ្ចសីលា របស់ឥណ្ឌូនេស៊ី។

ខណ: Muay Thai ដែលជាក្បាច់គុនបុរាណរបស់ប្រទេសថៃ នៅតែមិនអាចចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​របស់​អង្កការ​យូណេស្កូ​ (UNESCO) នោះទេគិតត្រឹមឆ្នាំ ២០២៣។

«គុនល្បុក្កតោ» របស់កម្ពុជា៖
ត្រូវបានចុះក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​​របស់​មនុស្ស​ជាតិ ​ដោយអង្គការ​យូណេស្កូ​ UNESCO ជាផ្លូវការ ក្រោយសម្រេចនៅក្នុងកិច្ចប្រជុំនាប្រទេស​ម៉ារ៉ុក នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង១០:៣៥នាទីយប់។

ល្បុក្កតោ ឬ ជាអក្សរឡាតាំង​ Bokator ឬ Labokkatao គឺជា​ក្បាច់គុនវប្បធម៌ខ្មែរ ដែលរួម​មានការប្រយុទ្ធការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង២ពាន់ឆ្នាំមុន។

«ល្បុក្កតោ» គឺជាបន្សំនៃពាក្យ ល្បុក្ក បូកនឹង តោ មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ ល្បុក្កតោត្រូវ បានយកទៅប្រយុទ្ធគ្នានៅសមរភូមិ។ ល្បុក្កតោ ជាក្បាច់គុនដែលប្រើ កែង ជង្គង់ ស្នងជើង ដៃជើង និង ក្បាលជាដើម។ ក្នុងនោះ ស្នា ត្រគាក និង ម្រាមដៃសុទ្ធតែអាចប្រើដើម្បីសម្លាប់គូបដិបក្ខបាន។ អាវុធដំបងឫស្សី និង ដំបងខ្លីក៏ត្រូវបានគេប្រើប្រាស់ដែរ។

ការប្រើក្រមា នៅពេលគេវាយគ្នា គេតែងតែពាក់ឯកសណ្ឋានដូចទៅនឹងទាហានខ្មែរកាលសម័យបុរាណអញ្ចឹង។ ក្រមាត្រូវបានគេចងជុំវិញចង្កេះ ហើយរង្វេលសូតពណ៌ ក្រហមត្រូវគេឲ្យឈ្មោះថា «ថ្ងៃសង្វារ» ដែលគេចងជុំវិញក្បាល។ ល្បុក្កតោមានក្បាច់ជាច្រើនដូចជាក្បាច់សេះ ក្បាច់ទា ក្បាច់តោ ក្បាច់បក្សី ក្បាច់ស្ដេចស្វា ក្បាច់ដំរី ក្បាច់អប្សរា និងក្បាច់ក្រពើជាដើម។

សីលា​ម៉ាឡាយូ របស់ម៉ាឡេស៊ី៖
ត្រូវបានចុះក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​​របស់​មនុស្ស​ជាតិ ​ដោយអង្គការ​យូណេស្កូ​ UNESCO ជាផ្លូវការ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ​​ឆ្នាំ​២០១៩ នៅ​ប្រទេសកូឡុំប៊ី។

បញ្ចសីលា របស់ឥណ្ឌូនេស៊ី៖
ត្រូវបានចុះក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​​របស់​មនុស្ស​ជាតិ ​ដោយអង្គការ​យូណេស្កូ​ UNESCO ផ្លូវការ​នៅ​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ប្រទេសកូឡុំប៊ី។

គួរដឹងថាការស្នើសុំដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រោមការចង្អុល បង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ ២០២២ ទើបទទួលបានជោគជ័យ៕

Share.