កីឡាករក្បាច់គុនវៀតណាម គ្រោង​នឹង​បង្ហាញ​ខ្លួន​នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នាពេលខាងមុខ ដែលពួកគេនឹងចូលរួមប្រកួតក្បាច់គុនល្បុក្កតោប្រពៃណីខ្មែរ។ ព្រឹត្តិ​ការណ៍​ហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភាខាង​មុខ​នេះ​ នឹង​មាន​ការ​បង្ហាញ​​ក្បាច់គុនល្បុក្កតោប្រពៃណីខ្មែរ ​ឲ្យ​អ្នកចូលរួមចូលរួមប្រយុទ្ធដោយដៃ និង​ប្រើ​ប្រាស់​អាវុធ​ជា​ច្រើន​ប្រភេទ។

មានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ល្បុក្កតោគឺជាក្បាច់គុន​ប្រយុទ្ធ​ដ៏​ចំណាស់​បំផុត​មួយនៅ​កម្ពុជា​ និង​បាន​ចុះ​ចូល​បញ្ជី UNESCO កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃ​ព្រះ​រាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បី​ការ​ការពារ​បេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «គុនល្បុក្កតោ» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។​

លោក Le Ngoc Quang អគ្គលេខាធិកាសហព័ន្ធកីឡាក្បាច់គុនបុរាណវៀតណាមបានបង្ហាញ​ភាព​ជឿជាក់ថា៖ «អត្តពលិក​វៀតណាម នឹង​អាច​ប្រើ​ប្រាស់​ជំនាញ​ក្បាច់​គុន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ឱ្យ​ពូកែ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើកទី៣២ នៅកម្ពុជា»។ លោក​បាន​បន្ត​ថាកីឡាករក្បាច់គុនវៀតណាមត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ និង​មាន​សក្ដានុពល​ដើម្បីនាំ​យក​មេដាយ​មួយ​ចំនួន​ពី​ព្រឹត្តុការ​ស៊ីហ្គេម។

លោក Bui Trung Hieu អនុប្រធានសហព័ន្ធកីឡាក្បាច់គុនបុរាណវៀតណាម បាន​មាន​ប្រសាសន៍​ថា៖ «ដើម្បីធានាបាននូវគុណភាពខ្ពស់ សហព័ន្ធ​បាន​ជ្រើស​រើស​អត្តពលិក​ដែល​មាន​សមិទ្ធិផល​ខ្ពស់​ក្នុង​ព្រឹត្តិការណ៍កីឡាជាតិ នាពេលថ្មីៗនេះ។ ពួក​គេ​នឹង​ប្រកួត​ជាមួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​បំផុត និង​មាន​ភាពជឿជាក់​នៅ​ក្នុង​ការ​ប្រកួត​ខាង​មុខនេះ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.