សិល្បៈ​ជាតិ​៖​ កក្កដា​ សុភ័ណ្ឌ​ បាន​ចេញ​មក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ប្រកាស​សុំ​ចិត្ត​ដល់​មហាជន​គ្រប់​រូប​ កុំ​ឱ្យ​រំលឹក​ពី​ស្ថានភាព​លោក​ពី​អតីត​កាល​ដែល​ជា​សង្ឃ​ ស្រប​ពេល​ដែល​ខ្លួន​កំពុង​តែ​ប្រកួត​ក្នុង​កម្មវិធី​ Miss​ Queen​ Cambodia​ 2023​។​ លោក​ថា​ នេះ​គឺ​ជា​ការ​បំពេញ​បំណង​ដែល​ខ្លួន​ចង់​បាន​ប៉ុណ្ណោះ ​តើ​ខុស​ដែរ​ឬ​ទេ​?​

កក្កដា​ សុភ័ណ្ឌ​ បង្ហោះ​សារ​យ៉ាង​ដូច្នោះ​ថា​៖​ «ខ្ញុំ​ជា​ក្មេង​អត់​ម៉ែ​អត់​ឪ​តាំង​ពី​ក្មេង​គេ​ចោល​ខ្ញុំ​នៅ​ធុង​សំរាម​ ហើយ​ខ្ញុំ​តស៊ូ​រស់​នៅ​ម្នាក់​ឯង​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ​ មិនមែន​ងាយ​ស្រួល​ទេ​ ហើយ​ខ្ញុំ​ចង់​ដើរ​តាម​ក្តី​ស្រមៃ​ខ្លួន​ឯង​និង​ខុស​ដែរ​មែន​បង​ប្អូន​?​ សូម​កុំ​យក​រឿង​ចាស់​ៗ​(កាល​នៅ​ជា​លោក​) មក​និយាយ​ទៀត​បាន​អត់​?​ សូម​មេត្តា​ផង​»​។​

ក្រោយ​ការ​បង្ហោះ​សារ​បែប​នេះ​ គេ​ស្រាប់​តែ​ឃើញ​អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​លើក​ឡើង​ថា​ ៖​ «​កុំ​យក​សំដី​អ្នក​ដទៃ​មក​បង្អាក់​គោល​បំណង​ និង​ គោលដៅ​របស់​ខ្លួន​អី​អូន​ អ្នក​ដែល​និយាយ​ពី​អតីតកាល​របស់​អូន​គឺ​គាត់​កំពុង​ធ្វើ​អោយ​ជីវិត​ខ្លួន​គាត់​ដើរ​បក​ទៅ​រស់​នៅ​អតីតកាល​ដែល​មិន​ស្គាល់​ភាព​រីក​ចម្រើន​ក្នុង​ជីវិត​ អូន​ត្រូវ​តាំង​ជំហរ​អោយ​រឹងមាំ​ មាន​ម្ចាស់​ការ​ និង​ ប្រឹងប្រែង​តស៊ូ​សម្រេច​គោលដៅ​ខ្លួន​ឯង​អោយ​បាន​ជោគជ័យ​»​។​

ក្រៅ​ពី​នោះ​ ក៏​មាន​មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​ទៀត​ ខ្លោច​ចិត្ត​អាណិត​ដល់​ កក្កដា​ សុភ័ណ្ឌ​ និង​បាន​ពោល​ពាក្យ​លើក​ទឹក​ចិត្ត​ដល់​រូប​លោក​ផង​ដែរ​។

យ៉ាង​ណា​មិញ​ កក្កដា​ សុភ័ណ្ឌ​ ក៏​បាន​សុំ​អំពាវនាវ​ឱ្យ​មហាជន​ទាំង​អស់​ គាំទ្រ​ចំពោះ​រូប​លោក​ក្នុង​ការ​ប្រកួត​ Miss​ Queen​ Cambodia​ 2023​ នេះ​ដើម្បី​បោះ​ជំហាន​ទៅ​រក​ភាព​ជោគជ័យ​ជា​ម្ចាស់​មកុដ​។​ សូម​ជម្រាប​កម្មវិធី​ Miss​ Queen​ Cambodia​ 2023​ នឹង​ធ្វើការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ៨​ ខែ​មីនា​ ឆ្នាំ​ ២០២៣​នេះ​ វេលា​ម៉ោង​ ៦​-៨​យប់​៕​

Share.