ភ្នំពេញ៖ ប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពលួចយកម៉ូតូ ដែលម្ចាស់ចតទុកជាប់ទាំងកូនសោ ក្បែរជញ្ជាំងផ្ទះ។ ហេតុការណ៍នេះ កើតឡើង វេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះលក់បាយកាហ្វេ ផ្លូវបេតុងក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលប្រជាពលរដ្ឋចាប់បាន មានឈ្មោះ ហេង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមាន ឈ្មោះ អ៊ុក សៀង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិកើតហេតុ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-7465 ជនសង្ស័យជិះកល់ជាប់ធ្នឹមរបងផ្ទះ ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ចតទុកម៉ូតូ ជាប់ទាំងកូនសោ ដោយសំអាងថា ជាប់ជញ្ជាំងផ្ទះ ផ្លូវចេញតែមួយ ហើយរវល់តែអង្គុយហូបបាយ ស្រាប់តែឮសូរសំឡេងម៉ូតូរបស់ខ្លួនជិះចេញ បុកធ្នឹមរបងលាន់ប្រ៉ាវ ងើបក្រឡេកមើលស្រាប់តែឃើញជនសង្ស័យ ស្រែកឆោឡោ ជនសង្ស័យម្នាក់ព្យាយាមរត់គេច តែពលរដ្ឋដេញចាប់បានម្នាក់ ចំណែកជនសង្ស័យ២នាក់ទៀតបើកម៉ូតូរបស់គេរត់គេចខ្លួនបាត់ ។

យ៉ាងណាមិញ ជនសង្ស័យដែលចាប់បាន ត្រូវបានប្រជាពលរដ្ឋ បានប្រគល់ទៅនគរបាលប៉ុស្ដិ៍ចោមចៅ២ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Share.