សិល្បៈជាតិ៖ តាម​ប្រសាសន៍​របស់​ដូនតា​យើង​ខាង​តន្ដ្រី​ថា ឃឹម​តូចនិងឃឹមធំ​​បាន​ហូរ​ចូល​មក​ដល់​កម្ពុជា​តាម​រយៈ​វង់​ល្ខោន​ទ្រើងឃ្លោក (ល្ខោន​បាសាក់) ក្នុង​រវាង​ឆ្នាំ​១៩៣០ មក​ពី​ប្រទេស​វៀតណាម​ប៉ែក​ខាងត្បូង គឺ​មក​ពី​ខេត្ដ​បាសាក់​ ដែនដី​កម្ពុជា​ក្រោម ជា​អតីត​ដែនដី​របស់​រាជាណាចក្រ​កម្ពុជា។ ដូច្នោះហើយថ្ងៃនេះយើងមកស្គាល់អំពី «ឃឹម» តើជាឧបករណ៍​ភ្លេង​ខ្មែរ​ប្រើក្នុងវង់អ្វី?

«ឃឹម» ​ជា​ឧបករណ៍​មាន​ខ្សែ​សំនៀង​ច្រើន និង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំងក្លា​បំផុត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ កម្ពុជា ។ ឧបករណ៍​នេះ​មាន​២​ប្រភេទ​គឺ​ ឃឹម​តូច និង​ឃឹម​ធំ ។ ឧបករណ៍​ទាំង​ពីរ​ប្រភេទ​នេះ​មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ល្ខោន​ បាសាក់​ ក្នុង​វង់ភ្លេង​មហោរី​ច្នៃ ។ លើស​ពី​នេះ​ទៅ​ទៀត ឃឹម​តូច ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេងការ​សម័យ​ទំនើប វង់ភ្លេង​អាយ៉ៃ និង​វង់ភ្លេង​ប្រជាប្រិយ​ខ្លះ​ទៀត ។

ឃឹម​ទាំង​ពីរ​នេះ​មាន​រាង​ទ្រវែង​ដូច​ស្លាប​សត្វ​មេអំបៅ មាន​ជញ្ជាំង ស្នូក បាត​ស្នូក និង​សន្ទះ​ស្នូក ហៅ​ថា តួ​ស្នូក ឬ ប្រអប់​សំនៀង និង​ធ្វើ​អំពី​ឈើ​ស្រាល ដូចជា ឈើ​ស្ពង់ ឈើ​ផ្ដៀក និង​ឈើ​រលួស​សម្រាប់​ធ្វើ​ជា​សន្ទះ ។ មាន​ខ្ទង់​វែងៗ​២​ដាក់​លើ​សន្ទះ​សម្រាប់​ទ្រ​ខ្សែ​សំនៀង​ដែល​ធ្វើ​អំពី​ ប្រភេទ​ឈើ​រឹង ជួនកាល​មាន​បិទ​ឆ្អឹង​បន្ដុប​លើ​ថែម​ទៀត​ផង ។ អន្លូង​សម្រាប់​គោះ​ខ្សែ​មាន​២​ធ្វើ​អំពី​បន្ទះ​ឫស្សី​ស្ដើង ទន់​អាច​រលាស់​បាន ប៉ុន្ដែ​ទុក​ត្រមោង​នៅ​ខាង​គោះ​ខ្សែ ជួនកាល​ត្រង់​ត្រមោង​នោះ មាន​រុំ​កំណាត់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​សំឡេង​ឮ​ងំ ។ គេ​កាន់​អន្លូង​នៅ​ចុង​ម្រាមដៃ​ម្ខាង​មួយៗ ងាយ​នឹង​រលាស់​បាន​ល្អ​ជាង​កាន់​ក្ដាប់​ជាប់​នឹង​បាតដៃ ។

នៅ​ពេល​វាយ​ឃឹម​ម្ដងៗ គេ​ត្រូវ​ប្រើ​អន្លូង​ទាំង​ពីរ​ស្មើ​ភាព​គ្នា មិន​មាន​អន្លូង​នៅ​ដៃ​ណា​ប្រើ​ច្រើនជាង​ដៃ​ណា​ឡើយ ។ ឃឹម​ទាំង​ពីរ​បែប​នេះ​យក​ខ្សែ​លោហធាតុ​ធ្វើ​ជា​ខ្សែ​សំនៀង ។ ចំពោះ​ការ​រឹត​ខ្សែ​សំនៀង​ឃឹម​ទាំង​ពីរ​នេះ តែង​តែ​យក​សំនៀង​ផ្លែ​រនាតឯក​ជា​សំនៀង​កំណត់ ឬ​ឧបករណ៍​ណាមួយ​ផ្សេង​ទៀត​ដែល​បាន​រឹត​ចម្លង​ពី​សំនៀង​រនាតឯក ។ ការ​រឹតសំនៀង​នេះ​គេ​ហៅ​ថា «រឹត​ផ្លែ​១ ផ្លែ​២ ផ្លែ​៣ ផ្លែ​៤ ។ល។» ។

ឃឹម​តូច

ឃឹម​នេះ​មាន​ដំណើរ​សាច់​បទ​ចង្អៀត​មិន​ដូច​ឃឹម​ធំ​ ឡើយ ។ ឃឹម​តូច​មាន​ខ្ទង់​វែងៗ​២​ដាក់​នៅ​លើ​សន្ទះ​ឆ្វេង​១ ស្ដាំ​១ ។ លើ​ខ្ទង់​វែង​នីមួយៗ​ចែក​ជា​ខ្ទង់​ខ្លីៗ​សម្រាប់​ទ្រ​ខ្សែ ឃឹម​ខ្លះ​មាន​៧​ខ្ទង់​ខ្លី ខ្លះ​មាន​៨​ខ្ទង់​ខ្លី និង​ខ្លះ​ទៀត​មាន​១០​ខ្ទង់​ខ្លី ។ ជួរ​ខ្ទង់​ខាងឆ្វេង (ក្រុម​ខ្សែ​ឯក) អាច​ប្រើ​សំនៀង​បាន​ទាំង​សង​ខាង ។ រីឯ​ជួរ​ខ្ទង់​ខាងស្ដាំ (ក្រុម​ខ្សែ​គ) អាច​ប្រើ​សំនៀង​បាន​តែ​ម្ខាង​ទេ ។ នៅ​លើ​ខ្ទង់​ខ្លី​នីមួយ​ៗ ជួរ​ខាងឆ្វេង​មាន​ខ្សែ​សំនៀង​៣​សម្រាប់​សំនៀង​តែ​១ ។ នៅ​លើ​ខ្ទង់​នីមួយ​ៗ ជួរ​ខាងស្ដាំ​មាន​ខ្សែ​សំនៀង​​តែ​២​សម្រាប់​សំនៀង​តែ​មួយ​ដែរ ។ ឃឹម​តូច​ដែល​មាន​៧​ខ្ទង់​ខ្លី ត្រូវ​រឹត​ខ្សែ​សំនៀង​តាម​ប្រភេទ​វង់ភ្លេង​នីមួយៗ​ដូច​ជា ៖

ប្រើប្រាស់​ក្នុង​វង់ភ្លេង​ល្ខោន​បាសាក់ គេត្រូវ​រឹត​ តាម​រនាតឯក​ផ្លែ​១ សម្រាប់​ខ្សែ​នៅ​លើ​ខ្ទង់​ទី​៥ ក្នុង​ក្រុម​សំនៀង​ឯក​ជួរ​កណ្ដាល (ជួរ​ទី​២) ដោយ​រាប់​ពី​ខ្ទង់​សំនៀង​តូច​ទៅ​ខ្ទង់​សំនៀង​ធំ ។ សំនៀង​នេះ​ស្មើ​សំនៀង​មី (Mi) របស់​តន្ដ្រី​សាកល ។

បើ​ប្រើប្រាស់​ក្នុង​វង់ភ្លេង​មហោរី​ច្នៃ គេ​ត្រូវ​រឹត​ផ្លែ​២​សម្រាប់​ក្រុម​សំនៀង​ឯក​ជួរ​ខ្សែ​កណ្ដាល (ជួរ​ទី​២) ត្រង់​ខ្ទង់​ទី​៥​ដដែល ។ សម្រាប់​សំនៀង​នេះ​ស្មើ​នឹង​សំនៀង​រ៉េ (Ré) របស់​តន្ដ្រី​សាកល ។ ប្រើប្រាស់​ក្នុង​វង់​ភ្លេងការ​សម័យ​ទំនើប គេ​ត្រូវ​រឹត​ផ្លែ​៣ ត្រង់​ខ្ទង់​ទី​៥​ដដែល ។ សំនៀង​នេះ​ស្មើ​នឹង​សំនៀង​ដូ (Do) របស់​តន្ដ្រី​សាកល ។

ប្រើប្រាស់​ប្រគំ​ក្នុង​វង់ភ្លេង​អាយ៉ៃ គេ​ត្រូវ​រឹត​ផ្លែ​៣ ឬ​ផ្លែ​៤ ត្រង់​ខ្ទង់​ទី​៥​ដដែល ដើម្បី​តម្រូវ​តាម​កម្ពស់​សំនៀង​របស់​អ្នក​ច្រៀង​ស្មើ​នឹង​សំនៀង​ដូ (Do) ឬ​ស៊ី (Si) របស់​តន្ដ្រី​សាកល ។

ឃឹម​ធំ

ឃឹម​ធំ​ប្រើប្រាស់​បាន​តែ​ក្នុង​វង់ភ្លេង​ល្ខោន​ បាសាក់ និង​វង់ភ្លេង​មហោរី​ច្នៃ ។ វា​មាន​ដំណើរ​សាច់​បទ​ភ្លេង​ខុស​ពី​ឃឹម​តូច គឺ​វា​ត្រូវ​ប្រើ​សំនៀង​ផ្ដក់ៗ កាត់​ពីមុខ​កាត់​ពី​ក្រោយ​​ឧបករណ៍​ដទៃ ធ្វើ​ឱ្យ​សំនៀង​ធំៗ​របស់​ខ្លួន​លេច​ធ្លោ​ឡើង​ក្នុង​ចំណោម​ឧបករណ៍​ដទៃ​ក្នុង​ ពេល​ប្រគំ​រួម​ម្ដងៗ ។

ក្នុង​វង់ភ្លេង​ល្ខោន​បាសាក់ ឃឹម​ធំ​ត្រូវ​រឹត​ខ្សែ​ត្រង់​ខ្ទង់​ទី​៥ (រាប់​ពី​ខ្ទង់​សំនៀង​តូច​ទៅ​ខ្ទង់​សំនៀង​ធំ) ក្នុង​ក្រុម​សំនៀង​ឯក​ជួរ​កណ្ដាល​ស្មើនឹង​សំនៀង​ផ្លែ​៨​របស់​រនាតឯក និង​ស្មើ​សំនៀង​មី (Mi) របស់​តន្ដ្រី​សាកល ។ ប្រើ​ក្នុង​វង់ភ្លេង​មហោរី​ច្នៃ ឃឹម​ធំ​នេះ​ត្រូវ​រឹតខ្សែ​ត្រង់​ខ្ទង់​ទី​៥​ដដែល ស្មើនឹង​សំនៀង​ផ្លែ​៩​របស់​រនាតឯក និង​ស្មើ​សំនៀង​រ៉េ (Ré) របស់​តន្ដ្រី​សាកល ។

ប្រភព៖ ឯកសារស្រាវជ្រាវ​ដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ​សិល្បៈតន្រ្តី

Share.