គណៈកម្មាធិការ​ជាតិ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍​ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការ​បំផ្ទុះ​ការ​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ​លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ហើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍ CAMSOC នៅ​ព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់​ថា៖ «យើង​ប្រើប្រាស់​យន្តការ​ណែនាំ​ឲ្យ​គណៈកម្មការ​ជំនាញ​របស់​ខ្លួន​ទាំង​អស់​ និង​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​អាជ្ញាធរ​រាជធានី-ខេត្ត ដែល​ទទួល​ធ្វើ​ម្ចាស់ផ្ទះប្រភេទកីឡាមួយចំនួន នឹង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយយុទ្ធនាការនេះដែរ។ យើង​ដឹងហើយថា យុទ្ធនាការ​ផ្សព្វផ្សាយនេះ​ ត្រូវ​ធ្វើ​រយៈពេល​ពីរ​ឆ្នាំ​មុន​ការ​ប្រកួត។ មកដល់ពេលនេះ កម្ពុជាយើង ​នៅ​សល់​ប្រមាណ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ»។

អត្ថបទពាក់ព័ន្ធ៖ស៊ីហ្គេម​ឆ្នាំ​២០២៣ នឹង​ធ្វើ​នៅ​ រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងកំពត

ការ​ផ្សព្វផ្សាយ​នេះ​មាន​២​ច្រក​គឺ​ ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម​ថា៖«សេណារីយោ​នៃ​ផែន​ការ​យុទ្ធសាស្ត្រ ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ ​គឺ​មាន​ទី១ ​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស ដែល​យើងប្រើប្រាស់យន្តការប្រព័ន្ធផ្សព្វផ្សាយជាតិ គឺតាមរយៈទូរទស្សន៍ជាតិ​ បណ្តាញ​ព័ត៌មាន​ជាតិ។ ចំណែក​ទី២ គឺ​តាម​ប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស ដែល​យើង​យក​យន្តការ​នៅ​ខាង​ក្រៅ​ប្រទេស​ជា​យន្ត​ការ​ការទូត យន្តការកិច្ចការបរទេស ដែលយើង​ប្រើប្រាស់​ស្ថានទូត​កម្ពុជា​ តំណាង​កុងស៊ុល ឬស្ថាន​ទូត​កម្ពុជា នៅ​ឯ​ប្រទេស​ក្រៅ​ ជា​ពិសេស​គឺ​ប្រទេស​សមាជិក​នៃ​ស៊ីហ្គេម​ទាំង​១០​ប្រទេស ហើយក៏ដូចជាប្រទេសមួយចំនួនទៀត ដែលមានប្រជាជនខ្មែរច្រើនរស់​នៅ​ដូច​ជា ​អាមេរិក កាណាដា អូស្ត្រាលី បារាំងជាដើម គឺ​ថា​យើងធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ​ ហើយ​ការ​ផ្សព្វផ្សាយ​មួយ​ទៀត​ដែរ គឺ​បញ្ជ្រាប​ចូល​ជា​មួយ​នឹង​ស្ថាន​ទូត​របស់​ប្រទេស​នានានៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ផង​ដែរ»។

អគ្គលេខាធិការ CAMSOC បន្ថែម​ថា គោលដៅនៃការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ​ធ្វើយ៉ាង​ណា​ឲ្យ​មាន​គុណ​តម្លៃ​នៃ​ព្រឹត្តិការណ៍ ដើម្បីឲ្យ​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន។ ជាមួយ​គ្នានោះ កម្ពុជា ក៏​ជំរុញ​ឲ្យ​ការ​ផ្សព្វផ្សាយ​ប្រកប​ដោយ​គុណភាពល្អ តាមស្តង់ដារ ដូចជាការផលិតវីដេអូ គឺ​ផលិត​ក្នុង​គុណភាព​ដ៏​ខ្ពស់ សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ ​ហើយ​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​ផលិត​ឧបករណ៍ សម្ភារ ដែល​ទាំង​អស់​នេះ ដែល​ជាយន្ដការរួមកម្លាំងសរុបរបស់ CAMSOC ផង រួម​ទាំង​ការ​ជំរុញ​បន្ថែម​របស់​រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីណែនាំឲ្យគ្រប់បណ្ដាក្រសួង មន្ទីរ ស្ថាប័ន​ទាំង​អស់​ ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយផងដែរ។

អត្ថបទពាក់ព័ន្ធ៖រដ្ឋ​ផ្ដល់​លក្ខខណ្ឌ​ពិសេស​ដល់​កីឡាករ​ជា​និស្សិត​ឬ​មន្ត្រី​រាជការ​ ដើម្បី​សម្រេច​ផែនការ​ស៊ីហ្គេម​២០២៣

«កម្ពុជា បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច សម្រាប់ការទទួលស្វាគមន៍ភ្ញៀវ អត្តពលិក​ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រកប​ដោយ​ភាពកក់ក្តៅ និងក្តីសង្ឃឹម។ យើងសង្ឃឹមថា​ ការ​ទទួល​ធ្វើម្ចាស់​ផ្ទះ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជា នឹង​ធ្វើឲ្យ​បាន​ល្អជាងស៊ីហ្គេមមុនៗ ហើយ​យើង​ធ្វើម្ចាស់​ផ្ទះក្នុងសេចក្ដីថ្លៃថ្នូរ និងកិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ចារទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ សម្រាប់ជាតិរបស់យើងទៅថ្ងៃក្រោយ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

ប្រភព៖ Sea Games 2023

Telegram-Troryorng
Share.